រដ្ឋមន្រ្តីសិង្ហបុរី ប្រាប់លោក ហ៊ុន ម៉ាណែត ថា «ប្រទេសសិង្ហបុរី និងកម្ពុជា គឺជាមិត្តចាស់»
- 2019-06-12 03:02:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីសិង្ហបុរី ប្រាប់លោក ហ៊ុន ម៉ាណែត ថា «ប្រទេសសិង្ហបុរី និងកម្ពុជា គឺជាមិត្តចាស់»
ចន្លោះមិនឃើញ
លោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់ថា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ជាមិត្តចាស់ និងមានទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរ ត្រូវតែសហការគ្នាទាំងក្នុងកម្រិតទ្វេភាគី និងក្នុងនាមសមាជិកអាស៊ាន ក្នុងការរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។
ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក វីវៀន បាឡាគ្រីសស្នាន់ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រយោបល់របស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី ដែលបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបន្ថែមថា សហគមន៍អាស៊ានត្រូវតែនៅជាធ្លុងមួយ ដើម្បីការអភិវឌ្ឍ ការរីកចម្រើន វិបុលភាព និងនិរន្តភាពក្នុងតំបន់។ លោក ហ៊ុន ម៉ាណែត បន្តថា ដំណើរទស្សនកិច្ចនេះ នឹងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត៕