សម្តេច ហ៊ុន សែន៖ សកលលោកកំពុងប្រឈមមុខនឹងព័ត៌មានក្លែងបន្លំ ញុះញង់ ជេរប្រមាថ និងរំលោភសិទ្ធិបុគ្គល
- 2019-06-12 04:42:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ សកលលោកកំពុងប្រឈមមុខនឹងព័ត៌មានក្លែងបន្លំ ញុះញង់ ជេរប្រមាថ និងរំលោភសិទ្ធិបុគ្គល
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចេកវិទ្យាឌីជីថលនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានផ្តល់គុណវិបត្តិផ្សេងៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាដូចជា ការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលឯកជនជាដើម ហើយវាបាននឹងកំពុងគំរាមកំហែងដល់សន្តិសុខទាំងនៅក្នុងតំបន់ និងសកលលោកទាំងមូល។
ការថ្លែងខាងលើនេះក្នុងពេលដែលសម្តេច ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។
សម្តេចបន្តថា៖ «ដូចនេះតម្រូវឱ្យភាគីពាក់ព័ន្ធបង្កើន នូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ»។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សម្គាល់ផងដែរថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែលនាពេលកន្លងទៅថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ដែលឡើងថ្លែងយោបល់នៅក្នុងកិច្ចប្រជុំពេញអង្គ សុទ្ធតែលើកឡើងពីការព្រួយបារម្ភអំពីព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
សូមជម្រាបថា សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទថ្ងៃនេះ នឹងជជែកពិភាក្សាទៅលើបញ្ហាប្រឈមរបស់ស្ថាប័នសារព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាញសង្គមនេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក៕