សម្តេច ហ៊ុន សែន ចេញទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី​ព្រឹកនេះ

  • 2019-06-13 01:55:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុងគ្រី ចាប់ពី​ថ្ងៃទី១៣ ដល់​១៤ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ ហ៊ុន សែន នឹងជួប​សម្តែង​ការ​គួរសម​ដោយ​ឡែក​ពីគ្នា​ជាមួយ​ថ្នាក់​ដឹកនាំ​ហុងគ្រី និងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សមភាគី​ហុងគ្រី លើបញ្ហា​ជាច្រើន​សំដៅលើក​កម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ស្រាប់ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅលើ​វេទិកា​ពហុភាគី​ផ្សេងៗ​ទៀត។

ក្នុងដំណើរ​ទស្សនកិច្ច​នេះ ឯកសារ​ចំនួនពីរ គឺ​កិច្ចព្រមព្រៀងស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងកម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ នឹងត្រូវ​ចុះហត្ថលេខា​ក្រោមអធិបតី​សម្តេច​តេជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វីកត័រ អ័របាន។

ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ហុងគ្រី​នាថ្ងៃទី១៤ ខែ​មិថុនា ហើយ​នោះ សម្តេច​ ហ៊ុន សែន និង​គណៈប្រតិភូ នឹងអញ្ជើញ​ទៅកាន់ប្រទេស​តាជីគីស្ថាន ដើម្បីចូលរួម​សន្និសីទ​កំពូល​ស្តីពីអន្តរសកម្មភាព និងវិធានការ​កសាង​ទំនុកចិត្ត​នៅអាស៊ី (CICA) លើកទី​៥ ធ្វើឡើង​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុង​ឌូស្ហាន់បេ។

នៅក្នុង​សន្នសីទ​កំពូល​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី នឹងថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយផ្តោតលើ​បញ្ហា​គន្លឹះ​ជាច្រើន ដែលជា​ការប្រឈម​រួមរបស់​តំបន់​អាស៊ី និងចែក​រំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា «អាស៊ីនឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុក​ចិត្ត និងទំនាក់ទំនង​ក្នុង​ចំណោម​ប្រទេសជា​សមាជិក CICA»។

ក្រៅពីកិច្ច​ប្រជុំកំពូល​នេះ សម្តេច​ ហ៊ុន សែន នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​ប្រធានាធិបតី​តាជីគីស្ថាន និង​ប្រមុខរដ្ឋ/រដ្ឋាភិបាល​នៃប្រទេស​មួយចំនួនផ្សេង​ទៀត​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;