កម្ពុជា-ហុងគ្រី ឯកភាព​បើក​ស្ថានទូត​ក្នុង​ប្រទេស​ទាំង២​ឡើងវិញ

  • 2019-06-14 06:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា និង​លោក Viktor Orban នាយករដ្ឋមន្រ្តី​ហុងគ្រី បាន​ឯកភាព​គ្នា​ដែរ​ថា នៅក្នុង​ខួប​ ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ នៅឆ្នាំ​២០២១ កម្ពុជា​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅទីក្រុង​ប៊ុយដាប៉េស ឯ​ហុងគ្រី​ក៏នឹង​បើកស្ថានទូត​របស់ខ្លួន​នៅរាជធានីភ្នំពេញ​ដូចគ្នា​ដែរ។ ការ​ឯកភាព​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ប្រទេស​ហុងគ្រី។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​តេជោ បាន​មាន​ប្រសាសន៍ដែរ​ថា បើ​ទោះបី​ជា​កន្លងមក​ប្រទេស​ទាំងពីរ​ធ្លាប់​បើក​ស្ថានទូត ក្នុង​ប្រទេស​ផងខ្លួន​ក៏​ពិតមែន ប៉ុន្តែ​ប្រទេសទាំងពីរ​បាន​បិទ​ស្ថានទូត​រៀងៗ​ខ្លួន។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ហុងគ្រី​នៅ​ពេល​នេះ សម្តេច​ចង់ឃើញ​ប្រទេស​ទាំងពីរ ធ្វើការ​បើក​ស្ថានទូត​ជាថ្មី​ឡើងវិញ ដើម្បី​ជួយគ្នា​ទៅវិញ​ទៅមក ពិសេស​បង្កើន​កិច្ចសហប្រតិបត្តិការ​សម្រាប់​ប្រទេស​ទាំងពីរ។

សម្តេច ហ៊ុន សែន ក៏បាន​ស្នើឲ្យមាន​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​ សម្រាប់​ប្រទេស​ទាំងពីរ​ឲ្យកាន់តែ​មាន​ទំហំ​ធំឡើង​ថែមទៀត។ ជាមួយគ្នា​នេះ សម្តេច​បាន​គោរព​អញ្ជើញ​លោក​នាយករដ្ឋមន្រ្តី​ហុងគ្រី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ស្របពេល​ដែលកម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ឹម​នៅឆ្នាំ​២០២០។

សម្តេច​ក៏បាន​ស្នើឲ្យ​ហុងគ្រី ជួយ​ជួសជុល​ប្រាសាទ​កោះកេរិ៍ ជាមួយ​នឹង​បទពិសោធន៍​ដែល​ហុងគ្រី​ធ្លាប់​អភិរក្ស​តំបន់​ប្រវត្តិសាស្រ្ត​បុរាណ​របស់​ខ្លួន។

សម្តេច​ក៏បាន​សន្យា​ថា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហាទឹក ក្នុង​ប្រទេស​ហុងគ្រី​នៅពេល​ខាងមុខ​ផងដែរ។

ជាការ​ឆ្លើយតប លោក​នាយករដ្ឋមន្រ្តីហុងគ្រី បាន​ទទួល​យក​សំណើ នៃការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ឹម នៅពេល​ខាងមុខ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;