នាយក​រដ្ឋមន្រ្តី​កម្ពុជា ស្នើ​ឱ្យចិន​ជួយ​បណ្តុះ​បណ្តាល​លើ​វិស័យ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា

  • 2019-06-19 06:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បានស្នើសុំ​ឲ្យភាគីចិន​ជួយសហការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​សហការ​ជាមួយ​នឹង​រាជបណ្ឌិត្យ​សភា​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ផងដែរ ដើម្បី​ជំរុញ​វិស័យ​នេះ ឱ្យ​កាន់តែ​រីក​ចម្រើន​ទៅមុខ។ សម្តេច​ស្នើ​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក Wang Gang អនុ​ប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន និង​ជាអតីត​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ចិន នាព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុង​ជំនួប​នេះ លោក Wang Gang បាន​ជម្រាបជូន​សម្តេច​ថា នេះ​ជា​លើកទី១​ហើយ ដែលលោក​បានមកកាន់​ប្រទេស​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​ពេលនេះ គឺមាន​គោលបំណង​សំខាន់២៖ ទី១​គឺដើម្បីចូលជួប​សម្តែង​ការគួរសម​ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្រ្តី និង​ទី២ គឺ​ដើម្បី​ពង្រឹង​នូវកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ 

ជា​ការ​ឆ្លើយតប​សម្ដេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវការ​ធនធាន​មនុស្ស ការ​ស្រាវជ្រាវ និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុងយុគសម័យ​ឌីជីថល ឬក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​នេះ ដែល​ចាំបាច់​ណាស់​ត្រូវមាន​ការ​សិក្សា​ស្រាវជ្រាវ។

សម្តេច​បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នេះ​ផងដែរ ក្នុង​ន័យនេះ​ កម្ពុជា​កំពុងតែ​តម្រង់ទិស​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមស្រប​ទៅតាម​ចរន្ត​នៃយុគសម័យ​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែលត្រូវការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ឱ្យ​បានកាន់តែ​ច្រើន​លើ​វិស័យ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;