កងកម្លាំងប៉េអឹម ក្រុមមន្ត្រីបរិស្ថាន ផ្ទុះអាវុធរំដោះខ្លួនចេញពីការឡោមព័ទ្ធរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង
- 2019-06-21 03:02:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កងកម្លាំងប៉េអឹម ក្រុមមន្ត្រីបរិស្ថាន ផ្ទុះអាវុធរំដោះខ្លួនចេញពីការឡោមព័ទ្ធរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង
ចន្លោះមិនឃើញ
កងកម្លាំងប៉េអឹមប្រដាប់ដោយអាវុធ និងមន្ត្រីបរិស្ថាន រួមទាំងជនបរទេសសរុប ៣៤នាក់ បានប៉ះទង្គិចជាមួយប្រជាពលរដ្ឋប្រមាណជា ២០០នាក់ រហូតដល់មានការផ្ទុះអាវុធថែមទៀតផង។ ការប៉ះទង្គិចគ្នានេះនៅភូមិព្រះអង្គរកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩។
ការប៉ះទង្គិចគ្នានេះ គឺខណៈដែលក្រុមមន្ត្រីបរិស្ថានមន្ត្រីកងរាជអាវុធហត្ថ បានធ្វើការបើកល្បាតនៅក្នុងភូមិសាស្ត្រខាងលើ ហើយក៏បានប៉ះទង្គិចគ្នាជាមួយនឹងក្រុមប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ នៅក្នុងព្រៃ។ ហើយក្រុមប្រជាពលរដ្ឋ បានឡោមព័ទ្ធក្រុមមន្ត្រីបរិស្ថាន និងកម្លាំងប៉េអឹមទាំងនោះ រហូតដល់មានការប្រើប្រាស់ផ្សារគប់ដុំថ្មមកលើសមត្ថកិច្ចថែមទៀតផង ជាហេតុធ្វើឲ្យកម្លាំងសមត្ថកិច្ចផ្ទុះអាវុធដើម្បីបំបែកក្រុមប្រជាពលរដ្ឋ។ រហូតដល់ម៉ោងជិត ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ទើបក្រុមមន្ត្រីបរិស្ថាន និងកម្លាំងប៉េអឹម សម្រេចចិត្តសម្រុកចេញមកខាងក្រៅបាន ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារស្នាក់ការស្រែអំបិល បានធ្វើការល្បាតក្នុងភូមិសាស្ត្រភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ លុះដល់ម៉ោង ៤:៣០នាទី ក្រុមល្បាត បានជួបប្រទះប្រជាពលរដ្ឋប្រហែល ២០០នាក់ បានមករារាំងបិទផ្លូវក្រុមការងារ និងឃាត់រថយន្តក្រុមការងារ មិនឱ្យធ្វើដំណើរត្រឡប់ទៅទីស្នាក់ការល្បាតវិញ។
កម្លាំងក្រុមការងារកំពុងជាប់ក្នុងការរារាំងមាន៖ កងរាជអាវុធហត្ថចំនួន ២២នាក់ មន្ត្រីបរិស្ថានចំនួន ៦នាក់ ជំនួយការរបស់អង្គការចំនួន៤នាក់ និងជនបរទេសចំនួន ២នាក់។ បន្ទាប់ពីមានការរារាំងក្រុមបានរាយការណ៍ជូនអភិបាលខេត្តដើម្បីសុំអន្តរាគមន៍។
អភិបាលខេត្តកោះកុង បានបញ្ជាទៅស្រុក និងឃុំ ចាត់កម្លាំងនគរបាលប៉ុស្តិ៍ និង នគរបាលអធិការដ្ឋានស្រុកស្រែអំបិល រួមជាមួយក្រុមល្បាត បានព្យាយាមធ្វើការសម្របសម្រួល ដើម្បីឲ្យពួកគាត់បើកផ្លូវ តែពួកគាត់មិនព្រម ហើយទាមទារឲ្យក្រុមល្បាតសន្យាដោះលែងជនសង្ស័យថ្ងៃណាឲ្យច្បាស់លាស់ (ជនសង្ស័យត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន ករណីសង់ផ្ទះខុសច្បាប់លើដីឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាលពីសប្តាហ៍មុន)។ ប៉ុន្តែនៅវេលាម៉ោង១២:៥៦នាទី រំលងអាធ្រាត្រ ក្រុមការងារល្បាតបានសម្រេចចិត្តសម្រុកចេញពីការរារាំង និងពេលដែលសម្រុកចេញនោះ ក្រុមប្រជាពលរដ្ឋ បានដេញតាម និងគប់ដុំថ្មមកលើកម្លាំងល្បាត ធ្វើឲ្យបែកកញ្ចក់ឡាន និងក្រុមល្បាតបានបាញ់គំរាមឡើងលើចំនួន៥គ្រាប់ ដើម្បីបញ្ឈប់ដំណើរដេញតាមពីសំណាក់ក្រុមប្រជាពលរដ្ឋដែលរារាំង៕