កម្ពុជា ច្រានចោលការលើកឡើងថា «ចិនប្រើតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បញ្ជូនទំនិញទៅអាមេរិក ដើម្បីគេចពីការបង់ពន្ធ»
- 2019-06-23 08:42:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ច្រានចោលការលើកឡើងថា «ចិនប្រើតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បញ្ជូនទំនិញទៅអាមេរិក ដើម្បីគេចពីការបង់ពន្ធ»
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដោយបានច្រានចោលនូវការលើកឡើងរបស់មន្រ្តីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes ដែលបានអះអាងប្រាប់បណ្តាញសារព័ត៌មានថា៖ នាយកដ្ឋានសន្តិសុខជាតិអាមេរិក បានត្រួតពិនិត្យរកឃើញ និងពិន័យទៅលើក្រុមហ៊ុនចិនមួយចំនួន មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបំពានបំរាមគយរបស់អាមេរិក ដោយថា ក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញពីចិន មានដូចជា អាស៊ីតអាមីណូ ម៉្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ (ពោត ស្រូវ ឬដំឡូង) និងបំពង់ដែកថែបជាដើម ទៅអាមេរិក តាមរយៈប្រទេសកម្ពុជា ដើម្បីគេចពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។
ក្រោយចុះស្រាវជ្រាវរួចមក ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនមានក្រុមហ៊ុនផលិតម្ស៉ៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែបទេ។ ចំពោះផលិតផលអាស៊ីដអាមីណូ កន្លងទៅក្រុមហ៊ុន INFINITE MANUFACTURING CO.,LTD ដែលទទួលបានអនុញ្ញាតឱ្យវិនិយោគត្រឹមត្រូវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើប្រតិបត្តិការផលិតកម្ម និងនាំចេញ រហូតដល់ខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ ពុំដំណើរការផលិតកម្ម និងសកម្មភាពនាំចេញឡើយ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានឱ្យដឹងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មពហុបំណងដែលប្រមូលផ្តុំទៅដោយសហគ្រាសចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូង អៀរឡង់ វៀតណាម និងថៃជាដើម។ ក្នុងនោះមានផលិតនូវទំនិញចម្រុះ ដូចជា វាយនភណ្ឌ សម្លៀកបំពាក់ កាបូប និងផលិតផលស្បែក និងឧបករណ៍ផ្សេងៗផងដែរ៕