បាក់​រលំ​អគារ​នៅខេត្ត​ព្រះសីហនុ៖ គ្រួសារ​សព​ទទួល​បាន​ថវិកាពី ៦ ទៅ ៧ម៉ឺន​ដុល្លារ

  • 2019-06-25 02:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​ថវិកា​ឧបត្ថម្ភ​សម្រាប់​ជនរងគ្រោះ​ក្នុងឧបទ្ទហេតុ​បាក់រលំ​អគារ​នៅខេត្ត​ព្រះសីហនុ ដែល​បាន​ទទួលពី​សប្បុរសជន​នានា​មាន​ចំនួនច្រើន​គួរសមដែរ​នោះ គឺក្នុង​គ្រួសារសព​នីមួយៗ​នឹងទទួល​បាន​រវាង​ពី ៦ម៉ឺន ទៅ៧ម៉ឺន​ដុល្លារ។ ថវិកា​ទាំងនេះ​ នឹងបញ្ចូល​ទៅក្នុង​សៀវភៅ​ធនាគារ ហើយនឹង​ប្រគល់ជូន​ទៅក្រុម​គ្រួសារ​នៅពេល​ដ៏ខ្លីខាងមុខ។ នេះបើតាមការបង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​សម្តេច ហ៊ុន សែន កាលពី​យប់មិញ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សូម​ជម្រាប​ថា កាលពី​ថ្ងៃទី ២៤ ខែ​មិថុនា​ម្សិលមិញ​នេះ សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ចុះទៅ​ជួប​ជន​រងគ្រោះ​ដែលត្រូវ​សង្រ្គោះ​ជីវិត​បាន​ពី​គំនរ​ដែក​ និង​ផ្ទាំងបេតុង ដែល​បាន​បាក់ធ្លាក់​សង្កត់ពី​លើ នៅក្នុង​ពេទ្យបង្អែក​ក្រុង​ព្រះសីហនុ។

ទំព័រហ្វេសប៊ុក​ដដែល​បន្តថា៖

«ទន្ទឹមនឹង​ភាពក្តុកក្តួល និង​ខ្លោចផ្សារ សម្តេច​នាយករដ្ឋមន្រ្តី មានក្តី​រំភើប​ក្រៃលែង​ដែលបាន​មកឃើញ​កូនក្មួយ​មួយចំនួន​ដែលត្រូវ​បាន​សង្រ្គោះ​យក​ចេញពី​គំនរ​អគារ​៧ជាន់​ ដែល​បាន​បាក់​ធ្លាក់​សង្កត់​ពីលើ​កាលពី​ថ្ងៃទី ២២ មិថុនា​កន្លង​មក​នេះ។ ក្មួយៗ​មាន​សំណាង អាយុថ្លៃ​ណាស់ ដែលបាន​រួចផុតពី​គ្រោះថ្នាក់​ដល់​ជីវិត»។

«ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បានយក​ថវិកា​ដែលទទួល​បានពីសប្បុរស​ជននានា​ដែលបាន​ជួយ​ឧបត្ថម្ភ​ដល់​កូនក្មួយ​រងបួស​ទាំងអស់ ដែល​ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា​១ម៉ឺន​ដុល្លារ​អាមេរិក។ ចំពោះ​កូនក្មួយ​២នាក់​ដែលបាន​សង្រ្គោះ​ក្រោយគេ​នៅ​សៀលថ្ងៃ​នេះ គឺ២​នាក់​នេះ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ ៣ម៉ឺន​ដុល្លារ​អាមេរិក»។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យដឹង​ថា ប្រតិបត្តិការ​នៃការ​រុករក​ជនរងគ្រោះ​នៅក្រោម​គំនរបាក់បែក​នៃ​អគារ​រលំ រយៈពេល​២ថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃទី២២ ដល់ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ​២០១៩ ត្រូវបាន​បិទ​បញ្ចប់​ជាស្ថាពរ ត្រឹម​វេលា​ម៉ោង ៧កន្លះយប់​ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ​២០១៩។ ក្នុងនោះ​ជនរងគ្រោះ​ដែលក្រុម​ការងារ​បាន​ជួយ​សង្គ្រោះ​មាន​ចំនួន​សរុប ៥៤​នាក់ (ស្លាប់ ២៨​នាក់ ស្រី៤នាក់ និង​របួស ២៦នាក់ ស្រី២នាក់)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;