រដ្ឋមន្រ្តី​កសិកម្ម ស្នើ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា បង្កើន​ផលិតកម្ម​ជ្រូកសាច់​ក្នុងស្រុក

  • 2019-06-26 03:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ស្នើឲ្យ​ក្រុមហ៊ុន​ស៊ីភី​វៀតណាម ពិចារណា​ពង្រីក​ការ​វិនិយោគ​មក​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីភី​កម្ពុជា ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូកសាច់​ក្នុងស្រុក​ធានា​ដល់​ចំនួន​ផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់ ធានា​គុណភាព និង​សុវត្ថិភាព​សាច់​គ្មាន​ជំងឺឆ្លង ព្រមទាំង​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និងជាពិសេស​ប្រើប្រាស់​វត្ថុធាតុដើមក្នុង​ស្រុកឲ្យ​អស់លទ្ធភាព​ផងដែរ។

សំណើ​ខាងលើ​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក វេង សាខុន និង​គណៈ​ប្រតិភូ​ក្រុមហ៊ុន​ស៊ីភី​វៀតណាម ដឹកនាំ​ដោយ​លោក ឡេ ស៊ឹងវួយ កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​ស៊ីភីវៀតណាម​សម្រេចបាន​នាពេលកន្លងមក​ ទាំងការងារ​ផលិតកម្ម និង​បសុព្យាបាល និងជាពិសេសថ្មីៗ​នេះ បាន​ទប់ស្កាត់​ការ​រាលឆ្លង​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​ក្នុងកសិដ្ឋាន​របស់ខ្លួន​បានយ៉ាង​ល្អប្រសើរ។ មេរៀន និងបទ​ពិសោធន៍ដ៏ល្អៗ​ទាំងអស់​នេះ កម្ពុជា​នឹងរៀនសូត្រ​តាម​ ដើម្បី​ជាទុន​ក្នុងការ​លើកតម្កើង​ផ្នែកបច្ចេកទេស​ ទាំង​ការងារ​ផលិតកម្ម និង​បសុព្យាបាល ជាពិសេស​យន្តការ​នៃការ​ទប់ស្កាត់ និង​លុបបំបាត់​ជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក​ដ៏កាចសាហាវ​នេះ។

កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​ឲ្យអគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅក្រុមហ៊ុន​ស៊ីភីវៀតណាម ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​ស្វែង​យល់​បន្ថែម​ពីការងារ​បច្ចេកទេស​ចិញ្ចឹម ការផលិត​ចំណី និងជាពិសេស​យន្តការ​នៃការ​ការពារ និង​ទប់ស្កាត់​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ដែលក្រុមហ៊ុន​បាន​អនុវត្ត​នាពេល​កន្លងមក ហើយ​ទទួលបាន​ជោគជ័យ៕

អត្ថបទ និង​រូបថត៖ ក្រសួងកសិកម្ម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;