លោក ឃួង ស្រេង ព្រមានថា អភិបាលខណ្ឌត្រូវទទួលវិន័យ បើសំណង់ខុសច្បាប់នៅតែកើតមានក្នុងដែនសមត្ថកិច្ចខ្លួន
- 2019-06-26 06:54:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឃួង ស្រេង ព្រមានថា អភិបាលខណ្ឌត្រូវទទួលវិន័យ បើសំណង់ខុសច្បាប់នៅតែកើតមានក្នុងដែនសមត្ថកិច្ចខ្លួន
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឱ្យមានគ្រោះថ្នាក់ និងបង្កព្យសនកម្មដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ អភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះបើតាមលិខិតរបស់លោក ឃួង ស្រេង ផ្ញើទៅកាន់អភិបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងលិខិតនេះបានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ នៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំជាប្រចាំដល់រដ្ឋបាលខណ្ឌ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ក៏ដោយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងការសាងសង់គ្រប់ប្រភេទឱ្យសបតាមប្លង់គោលរាជធានីភ្នំពេញ បទដ្ឋាននគរូបនីយបញ្ញត្តិ និងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកអភិបាលខណ្ឌ ត្រូវខិតខំទប់ស្កាត់រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ឱ្យខានតែបាន និងឱ្យមានប្រសិទ្ធភាព ក្នុងន័យរឹតបន្តឹងការគោរពលិខិតបដ្ឋានគតិយុត្ត ក៏ដូចធានាបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ៕