សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី
- 2019-06-26 06:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី
ចន្លោះមិនឃើញ
កីឡាការិនីជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ដែលមានរហស្សនាម «Little Frog» បានបង្ហើបអំពីការតាំងចិត្តត្រឡប់មកកាន់សង្វៀនប្រកួតសាជាថ្មី បន្ទាប់ពីការខកខានតាំងពីចុងឆ្នាំ២០១៧ មក។ ការសម្រាកឡើងរេញប្រកួតនោះ គឺក្រោយពីការទទួលជ័យជម្នះលើកីឡាការិនីថៃពីររូប Surarak Kamla នាខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong កាលខែវិច្ឆិកា ឆ្នាំ២០១៧ លើសង្វៀន Full Metal Dojo នៅក្រុងបាងកក ប្រទេសថៃ។
កីឡាការិនីដែលជាតួសម្ដែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករល្បីឈ្មោះ Angelina Jolie រូបនេះបញ្ជាក់ថា៖ «ខ្ញុំប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃតាំងពេលត្រឡប់ពីអាមេរិក ក្នុងការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ នាដើមខែ មិថុនា នេះ។ គោលដៅរបស់ខ្ញុំគឺហាត់ត្រៀមៗ ក្នុងករណីខ្ញុំឡើងសង្វៀននាពេលខាងមុខ។ ខ្ញុំហាត់យ៉ាងតិច ៣ម៉ោងជាប្រចាំក្នុងមួយថ្ងៃនៅក្លិប Prodal ម្ដុំទួលគោក និង H/Art Academy Jiu Jitsu នៅម្ដុំទួលស្វាយព្រៃ ដែលផ្ដោតលើជំនាញបោក កាច់ឃ្លេរ និង គាបជាដើម»។
បច្ចុប្បន្ន កីឡាការិនីដែលប្រកួតបានទាំងគុនខ្មែរ និងគុនចម្រុះកំពុងសំងំថតខ្សែភាពយន្តមួយទៀតដែរ ដែលគ្រោងបញ្ចប់ក្នុងរយៈពេលមួយខែ ប៉ុន្តែគេសុំលាក់ឈ្មោះចំណងជើងសិនតាមការស្នើសុំរបស់ផលិតករ។ ក្រោយការថតដែលគ្រោងបញ្ចប់ក្នុង ១ ខែខាងមុខ គេអាចមានហ្វឹកហាត់កាន់តែខ្លាំងឡើង និងត្រៀមខ្លួនបានល្អសម្រាប់ឡើងសង្វៀនម្ដងទៀត។
កីឡាការិនីធ្លាប់ឡើងសង្វៀន ONE ចំនួន ៣ លើកសង្កត់ធ្ងន់បែបនេះ៖ «ខ្ញុំហ្វឹកហាត់រាល់ថ្ងៃនេះមានគ្រូៗគាត់ជួយណែនាំខ្លះ និងហាត់ខ្លួនឯងផង ភាគច្រើន ហើយ បើអ្នកហាត់ណាទំនេរ គឺហៅគាត់ឡាំគ្នា ឬ សមគ្នាប្រកួតគ្នាអីចឹងទៅ ទម្រាំមានគូប្រកួតខ្ញុំនឹងត្រៀមតាមហ្នឹងដែរ»។
គួរដឹងដែរថា សំ ថារ័ត្ន បាត់មុខពីសង្វៀនដែលមានការគាំទ្រពីទស្សនិកជន ប៉ុន្តែរូបគេមានទីផ្សារហក់ខ្លាំងលើការថតខ្សែភាពយន្ត ពេលគេត្រូវការតួស្រីក្លាហាន ឬមានឈុតប្រើប្រាស់ក្បាច់គុនជាដើម។ មួយទៀតគេជាកម្លាំងស្នូលដើម្បីផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរទៅកាន់ឆាកអន្តរជាតិ។ ថ្មីៗនេះកូនសិស្សលោកគ្រូតា សាន គឺមស៊ាន ទើបត្រលប់មកពីផ្សព្វផ្សាយភាពយន្តឯកសារមានចំណងជើងថា «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិក។ ការផ្សព្វផ្សាយកន្លងមកធ្លាប់ធ្វើបាន៣ដងរួចមកហើយពោល នៅឆ្នាំ ២០១៧ កីឡាករិនីរូបនេះទៅផ្សព្វផ្សាយនៅក្រុង Long Beach រដ្ឋ California, ឆ្នាំ ២០១៨ ទៅនៅក្រុង Austin រដ្ឋ Texas និង Dallas ជាដើម។ បន្ទាប់មកគេទៅផ្សព្វផ្សាយក្រុង New York មុនទៅធ្វើយុទ្ធនាការដដែលនេះ Toronto ប្រទេសកាណាដា៕