សម្តេច ហ៊ុន សែន ថាកម្ពុជាធ្លាប់ទទួលរងការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត
- 2019-06-28 03:34:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ថាកម្ពុជាធ្លាប់ទទួលរងការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ថា កម្ពុជាធ្លាប់ទទួលរងរួចមកហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុតពីសំណាក់ប្រទេសក្រៅ។ ការថ្លែងនេះ ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅកោះពេជ្រ។
សម្តេចបានលើកឡើងថា កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណានោះទេ ហើយក៏មិនផ្តល់ឱកាសសម្រាប់ឱ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ «យើងមិនត្រូវឱនក្បាលចំពោះមុខការគាបសង្កត់ ឬការគំរាមកំហែងណាមួយឡើយ។ ការមិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង»។
សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើររស់ឡើងវិញរបស់ប្រជាជាតិ ជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃដោយអគតិរបស់បុគ្គលិក ឬមជ្ឈដ្ឋានណានោះឡើយ៕