វៀតណាម រួចពន្ធស្ទើរតែ ១០០% ក្នុងការនាំទំនិញទៅអឺរ៉ុប ក្រោយចុះកិច្ចព្រមព្រៀងជាផ្លូវការ
- 2019-07-01 08:21:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម រួចពន្ធស្ទើរតែ ១០០% ក្នុងការនាំទំនិញទៅអឺរ៉ុប ក្រោយចុះកិច្ចព្រមព្រៀងជាផ្លូវការ
ចន្លោះមិនឃើញ
វៀតណាម និងសហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការការពារវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងហាណូយ ក្រោមអធិបតីភាពលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
ក្រោម EVFTA ការនាំចេញរបស់វៀតណាម ទៅកាន់ទីផ្សារអឺរ៉ុប ដែលមានប្រជាជន ៥០៨លាននាក់ ត្រូវបានព្យាករថា នឹងកើនឡើងពី ៤ ទៅ ៦ភាគរយ ស្មើនឹងប្រមាណ ១៩ពាន់លានដុល្លារ ហើយអាចឈានដល់ ៧៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៨។
ចំពោះកិច្ចព្រមព្រៀង EVIPA វិញ នឹងធានាដល់អ្នកវិនិយោគ និងការធ្វើពាណិជ្ជកម្មរបស់ភាគីទាំង២។ កិច្ចព្រមព្រៀងនេះ នឹងជួយវៀតណាម ក្នុងការអភិវឌ្ឍទំនិញ ការវិនិយោគប្រកបដោយតម្លាភាព និងគ្រោងការណ៍ស្របច្បាប់ ដើម្បីទាញមូលធនបរទេសកាន់តែច្រើនបន្ថែមទៀតពីអឺរ៉ុបដែលមាន ២៨ប្រទេស។
លោក ង្វៀន សួនហ៊្វុក បានថ្លែងថា កិច្ចព្រមព្រៀងនេះ បានបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយរបស់ភាគីទាំង២ ដើម្បីបង្កើតនូវទំនាក់ទំនងឈ្នះឈ្នះ ខណៈដែលភាគីទាំង២ ចង់ឱ្យមានការអភិវឌ្ឍនាពេលអនាគតកាន់តែភ្លឺចិញ្ចាចប្រកបដោយចីរភាព សន្តិភាព និងស្ថិរភាព។ រដ្ឋាភិបាលវៀតណាម នឹងបញ្ចេញផែនការសកម្មភាពជាតិ និងណែនាំឱ្យភ្នាក់ងារ និងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងប្រជាជន ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងខាងលើនេះ៕