សម្តេច ហ៊ុន សែន ចេញទៅក្រុងហ្សឺណែវ ប្រទេសស្វីស ព្រឹកនេះ
- 2019-07-02 01:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ចេញទៅក្រុងហ្សឺណែវ ប្រទេសស្វីស ព្រឹកនេះ
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំនេះ ក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀបដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
សម្តេចត្រូវបានអញ្ជើញឱ្យឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំ ដោយសម្តេចនឹងគូសបញ្ជាក់ពីបទពិសោធន៍ កិច្ចប្រឹងប្រែង និងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការជម្នះឧបសគ្គនានា និងនាំមកនូវកំណើនសេដ្ឋកិច្ចគួរឱ្យកោតសរសើរដល់ប្រទេសកម្ពុជា។
ក្នុងអំឡុងស្នាក់នៅក្រុងហ្សឺណែវ សម្តេច ហ៊ុន សែន រំពឹងថា នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយលោក វិល ស្គីនណាវី រដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍ និងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្វាំងឡង់, លោក រតនាការ អាឌីការី នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្មនៃ WTO, លោកស្រី មីសែល បាឆេឡេត ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ព្រមទាំងជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។
ប្រមុខរាជរដ្ឋាភិបាល ក៏នឹងឆ្លៀតឱកាសទទួលជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរដែលរស់នៅ ប្រទេសស្វីស និងប្រទេសអឺរ៉ុបផ្សេងទៀត៕