សម្តេច ហ៊ុន សែន ​ប្រាប់មេ​សិទ្ធិ​មនុស្ស UN ថា «សម័យ​ខ្មែរក្រហម គឺគ្មាន​សិទ្ធិអ្វីទាំងអស់ ផ្ទុយ​ទាំងស្រុង​ពីបច្ចុប្បន្ន»

  • 2019-07-05 01:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោកស្រី Michelle Machelet កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្រុងហ្សឺណែវ ប្រទេស​ស្វីស​ថា ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស ពីដើមបើ​មើលទៅ​សម័យ​ខ្មែរក្រហម គឺគ្មាន​សិទ្ធិ​អ្វីទាំងអស់ ហើយជាការពិត​អ្វីដែលកម្ពុជា​មាន​សព្វថ្ងៃ​នេះ មានបរិបូរណ៍​ដោយសិទ្ធិ​នៅ​ប្រទេស​កម្ពុជា។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
នៅក្នុង​ជំនួបនោះ​សម្ដេច​តេជោ បានមាន​ប្រសាសន៍​ថា ឆ្នាំកន្លង​ទៅនេះ​ ភាគី​ទាំង២​បានចុះកិច្ចព្រមព្រៀង​ជាមួយគ្នា​បន្ដ​អាណត្តិ​នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជា រយៈ​ពេល២ឆ្នាំ។ ដើម្បីចៀសវាង​ការបារម្ភ កម្ពុជា​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​នេះ រៀងរាល់ពីរ​ឆ្នាំម្ដង ដើម្បី​កុំឲ្យមាន​កង្វល់។ សម្ដេចក៏​បានគូសបញ្ជាក់ផងដែរ​ថា «នៅពេលណា​គេនិយាយអំពី​សិទ្ធិមនុស្សនៅ​ប្រទេសកម្ពុជា កាន់តែ​ច្រើន សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស​ជាមួយយើងតែម្ដង»។

សម្តេច ហ៊ុន សែន បានគូស​បញ្ជាក់​ផងដែរ​ថា កន្លងមកនេះ​មានការ​លាបពណ៌​ដល់ប្រទេសកម្ពុជា​ដោយរូបភាព​ផ្សេងៗនោះ ប៉ុន្តែ​អ្វីដែលកម្ពុជា​នៅតែ​ធ្វើ​គឺ​លើការងារ​អភិវឌ្ឍន៍ ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ការ​ការពារ និង​លើក​តម្កើង​សិទ្ធិមនុស្ស។

ពាក់ព័ន្ធនឹង​ការិយាល័យ​សិទ្ធិ​មនុស្ស ក៏​ដូចជា​ពាក់ព័ន្ធនឹង​តំណាង​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ចំណុច​នេះ​សម្ដេចបាន​គូសបញ្ជាក់​ថា មានតែ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ទេ ដែលមាន​សិទ្ធិក្នុង​ការជ្រើសរើស​អ្នកណា​ជា​តំណាង ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា​ដែល​កន្លងមក​នេះ ប្រទេស​កម្ពុជា​បាន​ទទួល ៦នាក់​មក​ហើយ។ ហើយ​ជា​ធម្មតា ជា​ទំនៀមទម្លាប់​សម្ដេច​នាយករដ្ឋមន្ដ្រី បានគូស​បញ្ជាក់​ថា កម្ពុជា​មិនដែល​បដិសេធ ឬច្រានចោល​នៃការ​តែងតាំង នៃ​ឯកអគ្គរាជទូត ឬការស្នើសុំ​តែងតាំង តំណាង​របស់​អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​ឡើយ។

មិនត្រឹមតែ​ប៉ុណ្ណោះទេ សម្ដេច​ ហ៊ុន សែន ក៏បានគូស​បញ្ជាក់​ដែរក​ន្លងមក​នេះ ក៏មានការ​ស្នើសុំ​ដោយ​ខាង​អង្គការ​សហប្រជាជាតិ ក្នុងការ​តែងតាំង​ចៅក្រម​សម្រាប់ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ដែរ គឺខាង​កម្ពុជា មិនដែល​បដិសេធ​ការស្នើតែងតាំង​នោះឡើយ។ ប៉ុន្ដែ​សម្ដេច​ថា ការស្នើសុំ​តែងតាំង​ទាំងអស់​នេះ ដោយ​អគ្គលេខាធិការ ឬមួយ​ក៏ការងារ​អស់នេះ កម្ពុជា​អាច​ទទួលបាន​នៅពេល​សម្ដេច​នៅជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយបើ​អ្នកក្រោយទៀត​សម្ដេចមិន​ច្បាស់ទេ។ ចំពោះវេនទី៣​នៃការពិនិត្យ​មើលស្ថានភាព​សិទ្ធិមនុស្ស​នេះ គឺប្រទេសកម្ពុជា​បានធ្វើ​ការងារ​ចប់សព្វគ្រប់​ហើយ។

ក្នុង​ឱកាស​នៃជំនួប​នេះ លោកស្រី Michelle Machelet បាន​គូស​បញ្ជាក់​ផងដែរ​ថា របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំនេះ នឹងចេញ​នៅថ្ងៃទី ៥ កក្កដា ហើយលោក​ស្រី ក៏បាន​មានប្រសាសន៍ផងដែរ​ថា បាន​លឺ​ថា ប្រទេស​កម្ពុជា​បានទទួល​យកនៃអនុសាសន៍​ជាច្រើន ដែលបាន​លើកឡើង​កន្លង​ទៅនេះ។

លោកស្រី​បាន​បន្ត​ថា ការិយាល័យ​របស់​លោកស្រី ត្រៀមក្នុងការជួយ​ដល់ប្រទេសកម្ពុជា​ជានិច្ច ជាពិសេស​ក្នុងការ​ធ្វើការ​រៀបចំ និង​ការពិនិត្យ​មើល​ឡើងវិញ នៅពាក់​កណ្ដាល​អាណត្តិ​នៃរបាយការណ៍​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;