សហព័ន្ធ MMA បញ្ជាក់​រឿង​រៀបចំ​ការប្រកួត​នៅក្នុងស្រុកឡើងវិញ

  • 2019-07-10 02:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធកីឡាយុទ្ធគុនចម្រុះ MMA កម្ពុជា ឬ ហៅថា CMMAF ត្រូវបានបង្កើតឡើងជាផ្លូវការនាខែតុលា ឆ្នាំ ២០១៨ ។ ការបង្កើតសហព័ន្ធនេះឡើងត្រូវបានថ្នាក់ដឹកនាំបង្ហើបអំពីការជំរុញកីឡាគុនចម្រុះឲ្យកាន់តែផុសផុលទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងការខ្នះខ្នែងដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតក្នុងស្រុកឲ្យបានឆាប់ និងញឹកញាប់តាមតែអាចធ្វើទៅបាន។

តើ​ពេល​ណា ទើប​សហព័ន្ធ​អាច​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត MMA ក្នុង​ស្រុកបាន?

លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានឆ្លើយតបថា៖ «ឥឡូវនេះយើងមិនអាចសន្យាបានទេថាការរៀបចំព្រឹត្តិការណ៍ប្រកួត MMA ពេលណានោះទេ។ ប៉ុន្តែជាដំបូង គម្រោងរបស់យើងគឺរៀបចំការបង្វឹកដល់កីឡាករ សិក្សាអំពីរបបអាហារ បណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល និងចៅក្រមជាមុនសិន។ វាជាជំនាញបច្ចេកទេសចាំបាច់មុននឹងរៀបចំព្រឹត្តិការណ៍ប្រកួតឡើងវិញ។ យើងចង់ឲ្យកីឡាករ គ្រូបង្វឹក និង ចៅក្រមរបស់យើងកាន់តែមានអាជីពច្បាស់លាស់។ យើងកំពុងលៃលកស្នើសុំជួលគ្រូមកពីបរទេសដើម្បីធ្វើរឿងនេះ និងចែករំលែកបទពិសោធន៍ពីគ្រូអន្តរជាតិក្រោមស្លាកសហព័ន្ធ»។

លោក កែប៊ិន សូរស្មី (កណ្ដាល) ក្នុង​ថ្ងៃសន្និសីទ​កាសែត​របស់​សហព័ន្ធ MMA កម្ពុជា
មានមនុស្សជាច្រើនបានសួរនាំអំពីការរៀបចំការប្រកួតកីឡាគុនចម្រុះក្នុងស្រុក ប៉ុន្តែសហព័ន្ធត្រូវការក្បួនច្បាប់ ឬគោលការណ៍ច្បាស់លាស់ជាមូលដ្ឋានគ្រឹះ ហើយត្រូវបណ្ដុះឲ្យមានកីឡាករគ្រប់គ្រាន់ដើម្បីការប្រកួត ក៏ដូចជាគ្រូបង្វឹក អាជ្ញាកណ្ដាល និង ចៅក្រមផងដែរ។ រឿងនេះអ្នកគាំទ្រ ក៏ដូចជាអ្នកស្រលាញ់កីឡាគុនចម្រុះកម្ពុជាត្រូវអត់ធ្មត់ ព្រោះសហព័ន្ធកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើរឿងនេះ។ ក្រៅពីដំណើរការរៀបចំការងារខាងលើ សហព័ន្ធក៏មានក្រុមប្រឹក្សាយោបល់ដែលអាចជួយផ្ដល់ដំបូន្មានទាក់ទងនឹងរបបអាហារសម្រាប់កីឡាករ និងទំនាក់ទំនងសាធារណៈ សម្រាប់ក្លិបនីមួយៗផងដែរ តាមរយៈការធ្វើសិក្ខាសាលា និងរៀបចំវគ្គបណ្ដុះបណ្ដាល។

លោកគូសបញ្ជាក់ទៀតថា៖ «ពេលយើងរៀបចំគោលការណ៍បានល្អ និង មានស្ដង់ដារមួយ វានឹងក្លាយជារឿងងាយស្រួលក្នុងការជ្រើសរើសគ្រូបង្វឹក និង អាជ្ញាកណ្ដាល។ យើងច្បាស់ក្នុងចិត្តថា ការរៀបចំរបស់យើងនឹងដើរដោយរលូន»។

បច្ចុប្បន្ននេះ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានកៀរគរក្លិបទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសដើម្បីចុះឈ្មោះជាសមាជិករបស់សហព័ន្ធក្នុងគោលដៅពង្រីកវិសាលភាពរបស់ខ្លួនក្នុងស្រុកនិងទៅកាន់ឆាកអន្តរជាតិ។ បច្ចុប្បន្នមាន ២២ ក្លិប/សមាគម ហើយដែលចុះឈ្មោះជាសមាជិកផ្លូវការរបស់ CMMAF និងកីឡាករចុះឈ្មោះបានរហូតដល់ ៤៧នាក់រួមបញ្ចូលទាំងកីឡាករមានឈ្មោះបោះសំឡេងនៅក្រៅប្រទេសផងដែរ។ ក្នុងចំណោម ២២ ក្លិបដែលចុះឈ្មោះ មាន ៤ ក្លិបនៅក្រៅប្រទេសមកពីប្រទេស បារាំង កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ចំណែកក្លិបនៅក្នុងស្រុកមកពីភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ឆ្នាំង។ នេះជាជំហានដ៏ជោគជ័យមួយទៀតសម្រាប់ CMMAF ហើយ គេរំពឹងថាមានក្លិបមួយចំនួនទៀតនឹងចុះឈ្មោះបន្ត។

យុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមិនត្រឹមតែបង្កើតទំនាក់ទំនងជាមួយក្លិបនៅក្នុងស្រុក ប៉ុន្តែក៏បង្កើតបណ្ដាញបាននៅក្រៅស្រុក ដែលមានកូនខ្មែររស់នៅនិងហាត់ក្បាច់គុននៅទីនោះ។ មិនយូរប៉ុន្មានកីឡាករ ឬ គ្រូបង្វឹកដែលមានមូលដ្ឋាននៅ បារាំង កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក អាចនឹងមកចែករំលែកបទពិសោធន៍នៅកម្ពុជា និង ផ្លាស់ប្ដូរកម្មវិធីហ្វឹកហាត់ជាមួយគ្នាដើម្បីពង្រឹងចំណងមិត្តភាព។

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានកំពុងផ្ដោតយកចិត្តទុកដាក់ទាំងកីឡាករក្នុងស្រុក ជួយជ្រោមជ្រែងដល់ក្លិបនៅក្នុងស្រុក និង បង្កើនទំនាក់ទំនងទៅកាន់ក្លិបនៅក្រៅប្រទេស ដើម្បីផលិតបានធនធានកីឡាករមានសមត្ថភាពក្នុងគោលដៅទទួលបានលទ្ធផលល្អពេលចេញទៅប្រកួតលើសង្វៀនលំដាប់អន្តរជាតិ ONE Championship, សង្វៀននៅថៃ, សង្វៀននៅមីយ៉ាន់ម៉ា និង សង្វៀនអន្តរជាតិជាច្រើនទៀត៕

អត្ថបទ៖ ស៊ីធី

អត្ថបទថ្មី
;