វៀតណាម ​ប្រើ​វិធីសាស្រ្ត​មួយ​បង្កើន​ចំណូល​ដើម្បី​ឆាប់​បាន​សង់​ផ្លូវ​ល្បឿនលឿន ​មកព្រំដែន​កម្ពុជា

  • 2019-07-11 02:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ក្រុងហូជីមិញ និង​ខេត្តតៃនិញ គ្រោង​បើក​ឱ្យមាន​ការ​សាងសង់​ផ្សារទំនើប និង​មណ្ឌល​អាជីវកម្ម​ផ្សេងទៀត​នៅតាម​បណ្តោយ​ផ្លូវល្បឿនលឿន​ពី ហូជីមិញ មក​ម៉ុកបៃ (​ព្រំដែន​វៀតណាម-កម្ពុជា) ដើម្បី​បង្កើន​ចំណូល​សម្រាប់​សាងសង់​ផ្លូវនេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ Vietnam News កាលពីថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៩។

ផ្លូវល្បឿនលឿន នៅភាគខាងត្បូងវៀតណាម (រូបថត៖ VNExpress)
អាជ្ញាធរ​ក្រុងខេត្ត​ទាំង២ បាន​ប្រកាស​បើកឱ្យ​មានការដេញថ្លៃ​សាងសង់​ពីសំណាក់​ក្រុមហ៊ុន​ឯកជន និង​​ផ្តល់សំណង​ដល់​ប្រជាជន​ដែលរង​ផលប៉ះពាល់​ផងដែរ។

សូមរំលឹក​ថា កាលពីខែ​មេសាកន្លង​ទៅ អគ្គនាយកដ្ឋាន​ផ្លូវថ្នល់​វៀតណាម បាន​បញ្ជូន​សំណើ​នៃការ​សិក្សា​ផ្លូវ​ល្បឿនលឿន​ដែល​មាន​ប្រវែង ៥៣,៣​គីឡូម៉ែត្រ​នេះ ទៅកាន់​ក្រសួង​ដឹកជញ្ជូន​វៀតណាម។

ការ​សាងសង់​ផ្លូវ​នេះ នឹង​ធ្វើឡើង​ក្រោម​ទម្រង់​ដៃគូរដ្ឋ-ឯកជន។ វានឹង​ធ្វើឡើង​ក្នុង ២​ដំណាក់​កាល ហើយនឹង​ចំណាយ​ប្រមាណ ៤៥៩,៣៦លាន​ដុល្លារ។ ផ្លូវ​នេះមាន​៤គន្លង (ហើយ​គ្រោង​ពង្រីក​ដល់ ៦-៨គន្លង) ដែល​អាចឱ្យ​យានយន្ត​អាច​បើកបរ​ក្នុងល្បឿន​ពី ៨០ ទៅ ១២០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។

ផ្លូវ​ល្បឿនលឿននេះ នឹង​​ជួយ​ពង្រឹង​ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ភាគខាងត្បូង​វៀតណាម និង​ច្រករបៀង​សេដ្ឋកិច្ច​ ខាងកើត-ខាងលិច ដែលរួមមាន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម។ វាក៏​នឹងតភ្ជាប់​បណ្តាញ​ផ្លូវ​ហាយវេ​អាស៊ាន ពោលគឺ​ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែល​ស្ថិតក្នុង​គម្រោង​សាងសង់របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;