លោក គួច ចំរើន ប្រាប់​ពី​បញ្ហា​ប្រឈម​ក្នុង​ខេត្តព្រះសីហនុ ​ទៅកាន់​ឯកអគ្គរដ្ឋ​ទូតចិន

  • 2019-07-11 06:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹក​ថ្ងៃ​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៩ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បាន​ចូលជួប​សម្តែង​ការ​គួរសម​លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាព​ នៃ​សាធារណរដ្ឋប្រជាមានិតចិន​ប្រចាំ​ប្រទេស​កម្ពុជា។

នៅក្នុង​ជំនួបនេះ លោក​អភិបាលខេត្ត​បង្ហាញ​ប្រាប់ ឯកអគ្គរដ្ឋទូត​ចិន​ ពីការ​អភិវឌ្ឍ​នៅខេត្ត​ព្រះសីហនុ​ ដែល​មានសន្ទុះ​យ៉ាងខ្លាំង​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​​ធ្វើឱ្យ​ខេត្តមួយ​នេះ ប្រែក្លាយ​ជាតំបន់​ភូមិសាស្ត្រ ប្រជាសាស្ត្រ និងការ​អភិវឌ្ឍ​កើនឡើង​លើ​គ្រប់​វិស័យ។ ប៉ុន្តែ​ទន្ទឹមនឹង​នោះ ក៏មាន​បញ្ហា​ប្រឈម​កើតឡើង​ស្របពេល​សំណង់​អគារ​ខ្ពស់ៗ​ជាច្រើន​បានកើនឡើង​មិនធ្លាប់មាន​នៅក្នុងខេត្ត​ ផ្លូវថ្នល់​ជាច្រើន​កន្លែង​បាន​ខូចខាត​ ប្រឡាយ​ លូ ប្រព័ន្ធ​ទឹកស្អាត​បម្រើ​មិនបាន​គ្រប់គ្រាន់​ទាន់​សភាពការណ៍​អភិវឌ្ឍន៍​យ៉ាង​គំហុគនេះ​។

លោក គួច ចំរើន បន្តថា រដ្ឋបាលខេត្ត​ព្រះសីហនុ​មានយន្តការ​អនុវត្តវិធានការ​អប់រំ ផ្សព្វផ្សាយ ចែករំលែក​ការអនុវត្ត​នីតិវិធី​ច្បាប់​ចំពោះវិនិយោគិន​ឱ្យ​យល់ដឹងពី វប្បធម៌ ច្បាប់ សង្គម និងការ​ផ្សព្វផ្សាយ​អប់រំ​នៅកម្ពុជា។

លោក​ស្នើឱ្យ​ឯកអគ្គរដ្ឋទូត​ចិន ជួយ​គាំទ្រ​ការបើក​ទីតាំង​សមាគម​សារព័ត៌មាន​ចិន និង​បើកស្ថានកុងស៊ុល​នៅខេត្តព្រះសីហនុ ដើម្បី​ធ្វើការផ្សព្វផ្សាយ​ និងសហការ​ជាមួយ​រដ្ឋបាលខេត្ត​ ដល់​ប្រជាជនចិន​ ដែល​នឹងមក​វិនិយោគ និង​កំពុង​វិនិយោគ​នៅ​ខេត្តព្រះសីហនុ។

ជាការឆ្លើយតប លោក​អគ្គរដ្ឋទូតចិន​ បាន​គាំទ្រ​ជួយ​ដោះស្រាយ​បញ្ហាប្រឈម​ដែល​កើតមាន​នៅខេត្ត​ព្រះ​សីហនុ។ លោក​លើកឡើង​ថា ស្ថានទូតចិន​នឹងមាន​ជា​គម្រោង "កម្មវិធី​ខេត្ត​ព្រះសីហនុ​ មាន​សុវត្ថិភាព" ដោយមាន​បញ្ជូល​ទាំងការ​បណ្តុះបណ្តាល ការប្រើប្រាស់​សម្ភារៈ​បច្ចេកទេស និង​សណ្តាប់ធ្នាប់​ជាដើម៕

អត្ថបទនិងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;