បង្ហោះ​ព័ត៌មាន​ប្រឌិត​អំពី​ស្ថានភាព​សុខភាព​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា គឺជា​បទល្មើស​ព្រហ្មទណ្ឌ

  • 2019-07-12 02:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រសិន​បើ​គណនី​ហ្វេសប៊ុក​ណាមួយ​បង្ហោះ​ព័ត៌មានក្លែងក្លាយ (Fake News) ដែល​ធ្វើឱ្យ​មានការ​ជ្រួលច្របល់​មតិសាធារណៈ​ ជាហេតុផល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពីសុខភាព​របស់​នាយករដ្ឋមន្រ្តី​នៅក្នុង​តំណែង គឺជា​បទល្មើស​ព្រហ្មទណ្ឌ។ នេះបើតាម​ការបញ្ជាក់​របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ដកស្រង់​ចេញពីកិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១៩។

រាជរដ្ឋាភិបាល នឹង​ចាត់វិធានការ​យ៉ាងម៉ឹង​ម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​នេះ។

សម្តេច ហ៊ុន សែន ពេលសម្រាកព្យាបាលនៅសិង្ហបុរី ថ្មីៗនេះ
សូម​រំលឹក​ថា កាលពីថ្ងៃ​ទី៧ ខែ​កក្កដា​កន្លងទៅ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទៅ​សម្រាក​ព្យាលបាល​នៅក្នុង​មន្ទីរពេទ្យ ប្រទេស​សិង្ហបុរី ដោយ​មាន​បញ្ហា​គ្រេចស្មា។ ក្នុងនោះ​មានការ comment តាម​ហ្វេសប៊ុក​ជូនពរ​សម្តេច​ឱ្យបាន​ឆាប់ជា​សះស្បើយ និង​មានអ្នក​បន់ឱ្យ​សម្តេច​ឆាប់ស្លាប់ ឬបង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពីស្ថានភាព​ជំងឺរបស់​សម្តេច។

សម្តេច ហ៊ុន សែន បាន​ឆ្លើយតបវិញ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំសូមជូន​យោបល់ទៅអ្នក​ទាំងនោះ​វិញថា (ឈប់បាន​ឈប់ទៅ ) ព្រោះការ​ធ្វើនយោបាយ​រង់ចាំ​ឱ្យខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាច ​សូមរង់ចាំ​ជាតិ ក្រោយទៅចុះ ព្រោះយមរាជ​មិនត្រូវការ​ជីវិតខ្ញុំទេ​ ក្នុងរយ:ពេល​មិនតិចជាង​៤០ឆ្នាំ​ពេលខាង​មុខ ព្រោះ​យមរាជ​ត្រូវការ​ឱ្យខ្ញុំ​នៅ​បន្ត​បម្រើប្រជាជន និង​កំចាត់​ពួកក្បត់​ជាតិដើម្បី​រក្សាសន្តិភាព​និងការ​អភិវឌ្ឍបន្ត​ទៅទៀត»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;