លោក គួច ចំរើន ថាបើ​ខេត្ត​ព្រះសីហនុ​សុទ្ធតែ​សំរាម គឺគេមិនចង់​មក​លេងទេ

  • 2019-07-13 08:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បាន​លើកឡើង​ថា គេមក​ទស្សនា​នៅខេត្ត​ព្រះសីហនុ គឺ​គេចង់​មកយក​នូវបរិយាកាស​ល្អ ស្រូបចូល​ក្នុង​រាងកាយ​របស់​គេ ហើយនៅទីនេះ​ពោរពេញ​ដោយសំរាម ប្រាកដណាស់​អ្នកទេសចរ​ទាំងនោះ គេមិន​ចង់មក​ទីនេះ​ទេ។ «ពួកគេ​នឹង​និយាយ​មិនល្អពី​យើង​ផងដែរ»។ ការ​ថ្លែង​នេះ ក្នុង​ពិធី​​បើកយុទ្ធនាការ​សំអាត​សំរាម​នៅទូទាំង​ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០១៩។

លោក​ គួច ចំរើន បញ្ជាក់​ថា សំរាមដែល​នៅសេស​សល់​ក្នុងខេត្ត​ព្រះសីហនុ ពិតជាមាន​ចំនួន​យ៉ាងច្រើន។ សំរាម​កើនឡើង​ដោយសារតែ​មនុស្ស​ជាអ្នក​ប្រើប្រាស់​រយៈពេល​កន្លង​មក សំរាម​ពិតជា​លើសពី​តម្រូវការ​នៃការ​ដឹកជញ្ជូន​ចេញ ធ្វើឱ្យ​សំរាម​នៅសេសសល់​ជា​បន្តបន្ទាប់។

លោក​អភិបាលខេត្តបាន​មាន​ប្រសាសន៍យ៉ាងដូច្នេះ​ថា៖ «ថ្ងៃនេះ​យើងបង្កើត​ជាកម្មវិធី​ប្រមូល​សំរាមចេញពី​ទីក្រុងព្រះសីហនុ បានបែងចែក​ជាបួន​គោលដៅ មាន​មនុស្សជិត ៥០០០នាក់ និង​គ្រឿងចក្រជិត ២០០​គ្រឿង ដើម្បី​បើកយុទ្ធនាការ​ប្រមូលសំរាម​ដែលនៅ​សេសសល់ ដឹកជញ្ជូន​ទៅកាន់​ទីលាន​ចាក់សំរាម ។ យើងបែងចែក​ជាបួនគោលដៅនេះ​ជាគោលដៅទី១ ចុះទៅ​តាមសង្កាត់​នីមួយៗ ខ្ញុំជឿជាក់​ថា លោក​អភិបាលក្រុង និង​ប្រធាន​មន្ទីរបរិស្ថាន បាន​រៀបចំបែងចែក ទៅតាម​គោលដៅ​គំនរសំរាម​នៅក្នុង​ក្រុង​របស់យើង​ មានសម្ភារៈ ឧបករណ៍ផ្សេងៗ​ទៀត​ដើម្បីសម្អាត​សំរាម​ក្រុងព្រះសីហនុ ។ សំរាមមិនមែន​ជាករណី​ដែលគួរស្អប់ខ្ពើម​នោះទេ តែអ្នកដែល ប្រើប្រាស់​ចោលសំរាម​តាមដងផ្លូវ​សាធារណៈ ទើបជារឿង​ដែលយើងស្អប់ខ្ពើម»។

លោក​បន្តថា បញ្ហា​សំរាម​កំពុង​រីកធំ​លើសពី​សមត្ថភាព​ក្រុមហ៊ុន​ដឹកជញ្ជូនចេញ យ៉ាងណាក៏ដោយ​គឺ​រួមគ្នាខិតខំ​គ្រប់គ្រង​សំរាមនេះ​ឱ្យបាន​ច្បាស់លាស់ រៀបចំ​ផែនការឱ្យ​បានគត់មត់​ក្នុងការ​ដឹកជញ្ជូន​ចេញឱ្យបានទាន់​ពេលវេលា តាមចំនួន​សំរាមដែលជញ្ជូន​ចេញឱ្យ​ងាយស្រួល ហើយអ្នក​ពាក់ព័ន្ធ​បង្កើត​សំរាម ត្រូវ​ចូលរួម​ទុកដាក់​សំរាម​ឱ្យបានត្រឹមត្រូវ និង​ទៀងទាត់​តាមពេល​វេលា​កំណត់។

«សំរាមធ្វើឲ្យ​បរិស្ថាន​មិនស្អាត ធ្វើឱ្យប៉ះពាល់​ដល់​សោភ័ណភាព សំរាម​បង្កគ្រោះថ្នាក់​ដល់សុខភាព​សាធារណៈ​របស់យើង​គ្រប់គ្នា ផ្តើមចេញពី​បញ្ហា​នេះ វានឹងក្លាយ​ជាបញ្ហា​ប្រឈម​ដល់សុខភាព កើតនូវ​ជំងឺផ្សេងៗ មេរោគ​ផ្សេងៗ គ្រោះថ្នាក់​ដល់​សុខភាព សំរាម​ធ្វើឲ្យប៉ះពាល់​ដល់ស្ថានភាព​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅទីនេះ​ផងដែរ ព្រោះថា​អ្នកទេសចរ​ទាំងឡាយ អ្នកធ្វើដំណើរ​ទាំងឡាយ អ្នកធ្វើ​ជំនួញទាំងឡាយ គេពិតជា​មិនចង់ឱ្យ​មាន​ផលប៉ះ​ពាល់សុខភាព​របស់គេ​នោះទេ»។ នេះជា​ការលើកឡើង​បន្ថែមរបស់​លោក គួច ចំរើន៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;