ក្រសួងកសិកម្ម បង្ហាញការសោកស្តាយចំពោះអ្នកខាតបង់ដោយសារជំងឺប៉េស្តជ្រូក
- 2019-07-14 02:23:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងកសិកម្ម បង្ហាញការសោកស្តាយចំពោះអ្នកខាតបង់ដោយសារជំងឺប៉េស្តជ្រូក
ចន្លោះមិនឃើញ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការចូលរួមសោកស្តាយចំពោះអ្នកដែលបានខាតបង់ដ៏ធ្ងន់ធ្ងរពីផលប៉ះពាល់នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីក្រសួង បានដាក់ចេញវិធានការទប់ស្កាត់ការរាលដាលនៃជំងឺនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រោយពីបានអនុវត្តប្រកាសឱ្យផ្អាកជាបណ្តោះអាសន្ននូវការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទពីក្នុងតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រសួងបានទទួលព័ត៌មានពីប្រជាកសិករចិញ្ចឹមជ្រូកមួយចំនួនក្នុងតំបន់នោះថា ជ្រូករបស់គាត់មិនអាចធ្វើការទិញលក់បាន និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ក្នុងគោលបំណងដោះស្រាយបញ្ហាខាងលើនេះ ក្រសួងនឹងចាត់បញ្ជូនមន្រ្តីជំនាញបសុព្យាបាល រួមទាំងឧបករណ៍សម្រាប់វិភាគ ចុះពិនិត្យជាបន្ទាន់ដល់ទីកន្លែង និងយកសំណាឈាមសត្វជ្រូកធ្វើការវិភាគនៅហ្នឹងកន្លែងតំបន់ផ្ទុកជំងឺតែម្តង ដើម្បីរកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្នុងករណី លទ្ធផលនៃការវិភាគសំណាកឈាមមិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាពជូនប្រជាជនអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក៕