លោក ហ៊ុន ម៉ាណែត៖ យើងរួមគ្នាជាខ្មែរ​តែមួយ​កសាងស្រុក និង​ថែរក្សា​សុខ​សន្តិភាព

  • 2019-07-15 02:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា «យើងត្រូវការ​ប្រជាពលរដ្ឋ​យើង មិនថា​បក្សណា​ឬបក្សណា​នោះទេ ឬសាសនា​នោះទេ គឺ​ស្រលាញ់​គ្នា យើងរួមគ្នា​ជាខ្មែរ​តែមួយ យើងរួមគ្នា​កសាង​ស្រុកភូមិយើង និង​ថែរក្សាសុខ​សន្តិភាព។ នេះគឺជា​អ្វីដែល​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ចង់បាន គឺចង់បាន​សេចក្តីសុខ សេចក្តីសប្បាយ​រីករាយ និង​សន្តិភាព»។

ការថ្លែងខាងលើ​នេះ​ ក្នុងពិធី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវ​អគារ​សិក្សា ១ខ្នង ៥បន្ទប់ នៅសាលា​បឋមសិក្សា​មេមាំង ស្ថិតនៅ​ឃុំល្វា ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម កាលពីព្រឹក​ថ្ងៃទី១៤ ខែ​កក្កដា ២០១៩។

លោក​បន្ត​ថា ការវិវត្ត​ទៅមុខ​របស់​ប្រទេស​ជាតិ និង​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​នៅថ្ងៃនេះ គឺបាន​មកពីការដឹកនាំ​មាននិរន្តរភាព​៤០ឆ្នាំ ព្រោះថា​ការដឹកនាំ​ខុសធ្វើឲ្យ​ប្រទេស​ក្រឡាប់​ចាក់។ ជាក់ស្ដែង​របប​ដឹកនាំ​កាលពី​អតីតកាល​រួមមាន​របប​លន់ នល់ របប​ប៉ុល ពត បាន​បំផ្លាញ​ខ្ទេច។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះបី​សប្បុរជន​ជាខ្មែរ​ទៅនៅបរទេស​ក៏ដោយ ក៏បេះដូង​នៅតែជាខ្មែរ ហើយជួយ​គៀងគរ​សប្បុរសជន​កសាង​សមិទ្ធផល​ផ្សេងៗ នៅក្នុង​ដំណាក់កាល​ប្រទេសមាន​សុខសន្តិភាព ធ្វើឲ្យ​ប្រជាពលរដ្ឋខ្មែរ​ទាំងក្នុង និងក្រៅប្រទេស​មានលទ្ធភាព​ចូលរួម​កសាង​សមិទ្ធផល និងជួយ​ស្រុក​កំណើត។ នេះ​ហើយ គឺជា​គោលនយោបាយ​ឈ្នះ-ឈ្នះ​របស់​រាជរដ្ឋាភិបាល​ ធ្វើឲ្យប្រទេសមាន​សុខសន្តិភាព និងធ្វើឲ្យខ្មែរ​នៅលើពិភពលោក​បានជួយគ្នា រួមគ្នា​កសាងសមិទ្ធផល​នៅក្នុងស្រុក។ នេះគឺជា​មោទនភាពណាស់​ដែលខ្មែររួបរួមគ្នា ជួយ​គ្នា។

រាជរដ្ឋាភិបាល​បានខិតខំដោះស្រាយ​ណាស់នៅអ្វី​ដែលជា​តម្រូវការ​ប្រជាជន​ចង់បាន ខិតខំ​កសាង​សមិទ្ធផល​នានា និងបង្កឱកាស​សប្បុរសជន អង្គការ សមាគម​ចូលរួម​កសាង​សមិទ្ធផល​ផ្សេងៗ​រួមមាន មន្ទីរពេទ្យ វត្តអារាម សាលារៀន ដែលអាច​ជួយដោះស្រាយ​តម្រូវការ​ប្រជាពលរដ្ឋ និងបង្កលក្ខណៈ​ងាយស្រួល​ដល់កូនចៅ។ នេះគឺ​ជាគោលគំនិត​សំខាន់​របស់រាជរដ្ឋាភិបាល​ក្នុងការយកចិត្តទុកដាក់ចំពោះ​វិស័យអប់រំ។ អ្នកដែល​ដើរតួសំខាន់​ក្រៅពី​រដ្ឋាភិបាល​នៅក្នុង​វិស័យ​អប់រំ គឺ​លោកគ្រូ អ្នកគ្រូ ដែលជួយ​កសាង​ប្រព័ន្ធអប់រំ​នៅកម្ពុជា។

«យើងក្លាយជា​ប្រទេសកូនខ្លា​សេដ្ឋកិច្ចមួយ​នៅអាស៊ី​ ដោយសារតែ​ការអភិវឌ្ឍ​សមត្ថភាព​របស់មន្ត្រីយើង ដោយសារប្រព័ន្ធ​អប់រំខ្មែរ​យើង។ ដូច្នេះ​គុណបំណាច់របស់​លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់​ គឺមានគុណ​ខ្លាំងណាស់​ក្នុងអាជីព​សំខាន់បំផុត​ដែលធានានិរន្តភាព​នៃការរីក​ចម្រើន»។ នេះជាការ​លើកឡើង​បន្ថែម​របស់​លោក ហ៊ុន ម៉ាណែត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;