រដ្ឋមន្ត្រី​កសិកម្ម បដិសេធ​រឿង​នាំជ្រូក​ពីវៀតណាម​យក​មកស្តុកទុក​នៅស្រុក​រមាសហែក

  • 2019-07-18 01:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា លោកបាន​ចាត់ឲ្យ​អគ្គាធិការ​ធ្វើ​អធិការកិច្ច​នៅតាម​បន្ទាត់​ព្រំដែន នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ចុះទៅ​ពិនិត្យ​មើល គឺគ្មាន​ការ​នាំជ្រូក​ពី​វៀតណាម​យកមក​ស្តុកទុក​នៅទីនោះទេ ហើយជ្រូក​ឈឺ​ក៏គ្មាន​ផងដែរ។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្រុមការងារ​បាន​ស្រាវជ្រាវ​ពីករណី​ដែល​កាសែត​ក្នុងស្រុក​មួយ បាន​ចុះផ្សាយ អំពីការ​នាំជ្រូក​ពីវៀតណាម យកមក​ស្តុកទុក​នៅស្រុក​រមាសហែក ដោយបាន​សាកសួរ​ប្រជាពលរដ្ឋខ្លះ​ ជួបពិភាក្សា​ជាមួយ​រដ្ឋអំណាច​ស្រុករមាសហែក ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង​ និងទៅ​យក​ព័ត៌មាន​នៅ​ក្រុមហ៊ុន CPFដែលមាន​លិខិត​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​កសិកម្ម ឲ្យ​ចិញ្ចឹម​ជ្រូក​ដែលឆ្នាំនេះ​ចិញ្ចឹម​បាន​ចំនួន ១៤ ៣៨៧​ក្បាល ពេលនេះ​បានលក់​ចេញ​អស់​ជា​ដំណាក់ៗ​តាំងពី​ដើមខែ​កក្កដា​នេះ​ម្លេះ ។

លោក វេង សាខុន បន្តថា ទីតាំង​ចិញ្ចឹមជ្រូក​នៅស្រុករមាសហែក​នេះ មានតែ​២កន្លែង​ដោយ​ក្រុមហ៊ុន​បានយក​ចំណី និងកូន​ពី​គីរីរម្យផ្លូវជាតិ​លេខ៤ តាមការ​ពិនិត្យ​បង្ហាញ​ឲ្យឃើញថា​ ការ​លើកឡើង​ក្នុងកាសែត​ មិនមាន​ចំណុច​ណាមួយ​ជាការពិត​ឡើយ។ «ព្រឹកស្អែក​ខ្ញុំនឹងធ្វើការ​ជាមួយ​មន្ទីរ​ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​យើង»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;