កម្ពុជា-វៀតណាម ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​នយោបាយ

  • 2019-07-18 03:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា និងវៀតណាម បានប្រជុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​កម្ពុជា-វៀតណាម លើកទី៦ នៅ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៩ នៅទីស្ដីការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ភាគីកម្ពុជា​ដឹកនាំ​ដោយ​លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោកNguyen Quoc Dung អនុរដ្ឋមន្ត្រី​ការបរទេស វៀតណាម។

កិច្ចពិគ្រោះ​យោបល់​នយោបាយ​នេះ រៀបចំ​ឡើង​ផ្អែកលើ «អនុស្សរណៈ​នៃការ​យោគយល់​គ្នារវាង ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម» ដែលបាន​ចុះហត្ថលេខា​នៅឆ្នាំ​២០០១ ក្នុងគោលបំណង​ពិនិត្យ​ឡើងវិញ វាយ​តម្លៃ និងជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​គ្រប់​វិស័យ។

កម្ពុជា-វៀតណាម មាន​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​ដ៏យូរ​អង្វែង និងជា​ប្រវត្តិសាស្ត្រ​ដែលបច្ចុប្បន្ន​កំពុង​ត្រូវបាន​បន្តពូន​ជ្រុំ​ដោយឈរលើ​មូលដ្ឋាន​បាវចនា «ភាពជាអ្នក​ជិតខាង​ល្អ មិត្តភាព​ជាប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​រឹងមាំ​យូរអង្វែង»។ ជាមួយនឹង​ការផ្លាស់ប្តូរ​ដំណើរទស្សនកិច្ច​នៅគ្រប់កម្រិត និងការ​ជំរុញទំនាក់ទំនង​សេដ្ឋកិច្ច​យ៉ាងសកម្ម កិច្ចពិគ្រោះ​យោបល់​នយោបាយ​កម្ពុជាវៀតណាម លើកទី៦ នាពេលនេះ នឹងលើក​កម្ពស់​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព ស្មារតី​សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ទាំងក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី។

របៀបវារៈ​កិច្ចប្រជុំ​ខាងលើ រួមមាន​ការ​ពិភាក្សា និងវាយតម្លៃរួមគ្នា​លើកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​សំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និង​វិនិយោគ ការ​អប់រំ និង​អភិវឌ្ឍ​ធនធាន​មនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត និង​រចនាសម្ព័ន្ធ​ស្ថាប័ន និង​វិស័យ​សុខាភិបាល និងដាក់ចេញ​នូវវិធានការ​ចាំបាច់​នានា សំដៅ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ឲ្យឈាន​ឆ្ពោះឡើង​កម្រិត​ថ្មីមួយទៀត។ ព្រមជាមួយគ្នា​នេះដែរ ភាគីទាំងពីរ​ក៏នឹង​ផ្លាស់ប្តូរ​យោបល់គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការយក​ចិត្តទុកដាក់រួម។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក៏នឹង​ពិភាក្សា​ផងដែរ​អំពីការ​ត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំគណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម លើកទី១៧ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដឹកនាំ​ដោយរដ្ឋមន្រ្តី​ការបរទេស​នៃប្រទេស​ទាំងពីរ ដែលគ្រោងនឹង​ប្រព្រឹត្ត​ទៅនៅ​កម្ពុជាក្នុងខែ​សីហា ឆ្នាំ​២០១៩ ខាងមុខ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;