រកឃើញ​ផូស៊ីល​សត្វ​សមុទ្រ និង​ផ្កាថ្ម​ច្រើន​ប្រភេទ នៅខេត្ត​បន្ទាយមានជ័យ

  • 2019-07-19 04:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុ​មការងារ​សិក្សា​អំពី​ផូស៊ីល​មាន​លោក លឹម​ វណ្ណ​ច័ន្ទ អ្នក​បុរាណ​វិទ្យា​ សហការ​ជា​មួយ​លោក​​ ហ៊ុន​ សីហា អ្នក​ស្រាវជ្រាវសត្វ លោក សៀង សុថាន អ្នក​ធរណី​វិទ្យា បាន​ចុះ​ពិនិត្យ​ ភ្នំមួយចំនួន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ក្នុង​ឆ្នាំ​២០១៩​នេះ។​ ជា​លទ្ធ​ផល​ក្រុមស្រាវជ្រាវ​បាន​រក​ឃើញផូស៊ីល​សត្វសមុទ្រ ផ្កា​ថ្ម​ជា​ច្រើន​ប្រភេទ។ ក្នុងនោះ​ប្រភេទមួយ​ចំនួនគឺ​អាច​កំណត់​អត្ត​សញ្ញាណបាន និង​​ខ្លះ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយទេ ដោ​យទាមទារ​ឱ្យ​មាន​ការ​សិក្សា​ជា​បន្ត​ទៅ​ទៀត។ នេះបើតាមការចុះផ្សាយរបស់​ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩។

អ្វីជា​ Crinoid? ក្រសួង​បរិស្ថាន​ពន្យល់ថា វា​ជាប្រភេទ​សត្វ ដែល​ស្ថិត​នៅ​ក្នុងសាខានៃពពួក​ផ្កាយ​សមុទ្រ និង​ផ្កា​ថ្ម​។ ដើមរបស់​វា​មាន​លក្ខណៈ​ជា​កង់ៗ មាន​ទំហំ​តូចៗ រហូត​ដល់​២,៥​សង់​ទី​ម៉ែត្រ និង​មាន​ផ្កា។ ពូជ​ប្រភេទនេះ​ត្រូវបាន​រក​ឃើញ​​នៅ​ប្រទេស​កម្ពុជា​ នៅ​ភ្នំ​កង​វ៉ា ភ្នំបាក់ ភ្នំ​ជញ្ជាំង​ ភ្នំ​ស្វាយ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​​។ តាមតារាងនៃGeologic Time Chart ផូស៊ីលគ្រីណូ​អ៊ីត កើត​ឡើង​នៅ​ក្នុង​សម័យ​បាលេអូ​សូ​អ៊ីក។

គួរ​រំលឹក​ថា កាលពី​ពេលថ្មីៗនេះ តាម​រយៈ​ការស្រាវជ្រាវ​ដោយ​ក្រុម​ការងារ​ផ្នែក​បេតិកភណ្ឌ និង​បុរាណវិទ្យា ក្រសួង​បរិស្ថាន ដោយសហការ​ជាមួយនឹង​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី បានចុះ​ទៅពិនិត្យ​មើល​ស្លាកស្នាម និង​សំណល់​ផូស៊ីល នៅ​ចំណុចភ្នំពីរ ស្ថិតក្នុង​ភូមិសាស្រ្ត​ស្រុក​កោះញែក ក្នុងដែន​ជម្រក​សត្វព្រៃ​ស្រែពក ខេត្ត​មណ្ឌលគិរី។ ក្នុងនោះ គឺ​បាន​រកឃើញ​វត្តមាន​បន្សល់ទុក​នូវ​សំណល់​ផូស៊ីល​សត្វសមុទ្រ​ជាច្រើនប្រភេទ​នៅក្នុង​ដែនជម្រក​សត្វព្រៃដ៏​មានសក្ដានុពល​មួយនេះ៕ ចុចអានបន្ថែមរកឃើញ​ផូស៊ីល​សមុទ្រ នៅខេត្ត​មណ្ឌលគិរី

អត្ថបទ និងរូបថត៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;