រកឃើញ​ផូស៊ីល​សមុទ្រ នៅខេត្ត​មណ្ឌលគិរី

  • 2019-04-29 04:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរយៈ​ការ​ស្រាវជ្រាវ និងរបក​គំហើញថ្មីៗ​នេះ​ដែលធ្វើឡើង​ដោយក្រុមការងារ​ផ្នែក​បេតិកភណ្ឌ និង​បុរាណវិទ្យា ក្រសួង​បរិស្ថាន ដោយសហការ​ជាមួយនឹង​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី បានចុះ​ទៅពិនិត្យ​មើល​ស្លាកស្នាម និង​សំណល់​ផូស៊ីល នៅ​ចំណុចភ្នំពីរ ស្ថិតក្នុង​ភូមិសាស្រ្ត​ស្រុក​កោះញែក ក្នុងដែន​ជម្រក​សត្វព្រៃ​ស្រែពក ខេត្ត​មណ្ឌលគិរី។ ក្នុងនោះ គឺ​បាន​រកឃើញ​វត្តមាន​បន្សល់ទុក​នូវ​សំណល់​ផូស៊ីល​សត្វសមុទ្រ​ជាច្រើនប្រភេទ​នៅក្នុង​ដែនជម្រក​សត្វព្រៃដ៏​មានសក្ដានុពល​មួយនេះ។

បើតាម​លោក កែវ សុភគ៌ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា រូបភាព​ដ៏គួរឲ្យទាក់ទាញ​នៃផូស៊ីល បាន​បង្ហាញ​អំពី​ស្លាកស្នាម​សត្វ​ដែលរស់នៅក្នុង​បាត​សមុទ្រ ដូចជា ខ្យង លៀស មឹកសមុទ្រ...។ល។ លោក​បញ្ជាក់​ថា ក្រៅពី​ធនធន​ធម្មជាតិ និង​សត្វព្រៃ​ដ៏​សម្បូរបែប ដែនជម្រក​សត្វព្រៃ​ស្រែពក ក៏ជា​ទីតាំង​ប្រវត្តិសាស្រ្ត​នៃ​កំណើត​សត្វមាន​ជីវិតរាប់​សិបលានឆ្នាំ​មុន​ផងដែរ។

ពាក់ព័ន្ធនឹងការ​ស្រាវជ្រាវ​នេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​បរិស្ថាន បានថ្លែង​ឲ្យដឹង​ថា ក្រសួង​បរិស្ថាន នឹង​បន្តសិក្សាស្រាវជ្រាវ​ចងក្រង​ឯកសារ​ស៊ីជ្រៅ​បន្ថែមទៀត​ពាក់ព័ន្ធនឹង​សំណាក​ផូស៊ីល​ទាំងនេះ ក៏ដូចជា​ទាក់ទងនឹង​ប្រវត្តិសាស្រ្ត​នៃ​តំបន់នោះ​ ឱ្យបាន​លម្អិត​សម្រាប់​ផ្តល់ព័ត៌មាន​បន្ថែម​ដល់​សាធារណជន ក៏ដូចជា​ខិតខំ​ប្រឹងប្រែង​សិក្សា អភិរក្ស​តំបន់​ប្រវត្តិសាស្រ្ត​នោះ ដើម្បី​បន្ត​រក្សាទុក​ជា​កេរតំណែល និង​អាចជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ផ្សេងៗ។

លោក នេត្រ ភក្រ្តា បាន​បញ្ជាក់​ថា ផូស៊ីល​ទាំងអស់នេះ​ គឺជា​ស្លាកស្នាម​ប្រវត្តិសាស្រ្ត​ដ៏មាន​សារៈសំខាន់ ក៏ដូចជា​ការផ្តល់​នូវ​របក​គំហើញថ្មី និង​ព័ត៌មានថ្មីៗ​ពាក់ព័ន្ធ​នឹង​ភពផែនដី ជាពិសេស​ដែនដី​ខេត្តមណ្ឌលគិរី​នៃ​ប្រទេស​កម្ពុជា។

ផូស៊ីលគឺ​ជាសំណល់ ឬស្លាកស្នាម​នៃរុក្ខជាតិ និង​សត្វដែលកប់​ក្នុង​សិលាកម្ទេច​កំណ។ ផូស៊ីល​ភាគច្រើន​ គឺជាសត្វរស់នៅ​ក្នុង​បាតសមុទ្រ។ ផូស៊ីល​ផ្តល់ព័ត៌មាន​អំពី​ទម្រង់​ជីវិត​សម័យដើម និង​របៀប​រស់នៅ​របស់​ពួកវា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;