ក្រសួង​ការពារ​ជាតិ​ថា មិន​ដែល​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ ឱ្យចិន​ដាក់​មូលដ្ឋាន​យោធាឡើយ

  • 2019-07-22 07:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ មិនដែល​មាន​កិច្ចព្រមព្រៀង​សម្ងាត់​ណាមួយ​ឱ្យ​កងទ័ព​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​មូលដ្ឋាន​ឡើយ។

លោក​បាន​បង្ហោះនៅលើ​ទំព័រហ្វេសប៊ុក​នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩​យ៉ាងដូច្នេះថា៖ «វាជារឿង​ហួសចិត្ត ដែល​សារព័ត៌មាន​របស់​សហរដ្ឋអាមេរិក បានប្រឌិត​ព័ត៌មាន​ដ៏ឆ្កួតលីលា តាម​អំពើចិត្ត អំពីមូលដ្ឋាន​ទ័ពបរទេស​នៅលើ​ទឹកដី​កម្ពុជា ហើយត្រូវបាន​បន្ទរ​ដោយ​សារព័ត៌មាន​របស់ពួកគេ​ដទៃទៀត ដែល​ហាក់ធ្វើឡើង​ក្នុងចេតនា​ចង់បំផ្លាញ​ដល់​សន្តិសុខ និងសន្តិភាព​នៅ​កម្ពុជា និងក្នុង​តំបន់។ អស់លោក​ល្មមឈប់ប្រើប្រាស់​ព័ត៌មាន​ក្លែងបន្លំ អំពីវត្តមាន​កងទ័ព​ចិនលើ​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​កម្ពុជា​តទៅទៀត»។

សមយុទ្ធយោធាកម្ពុជា-ចិន នាពេលកន្លងមក
ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ជំហរ យ៉ាងច្បាស់​ច្រើនដង​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋាន​ទ័ពបរទេស នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ។ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ​កម្ពុជា ក៏មិន​អនុញ្ញាតឱ្យមាន​មូលដ្ឋាន​ទ័ពបរទេស នៅលើ​ទឹកដី​របស់ខ្លួន​ដែរ ហើយក៏មិន​បញ្ជូនកងទ័ព​កម្ពុជា ទៅក្រៅ​ប្រទេស​នោះដែរ លើកលែងតែ​បេសកកម្ម​ជាមួយ​អង្គការ​សហប្រជាជាតិតែ​មួយប៉ុណ្ណោះ។ នេះ​ជាការបញ្ជាក់​បន្ថែម​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ។

ទន្ទឹមនឹង​នេះ សម្ដេច​ពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​បញ្ជាក់​ថា ទាក់ទង​ការផ្សាយ​ព័ត៌មាន​របស់​កាសែត​បរទេស​មួយចំនួន​អំពី​ការដាក់​មូលដ្ឋាន​ទ័ពចិន​នៅកម្ពុជា គឺគេ​រកគ្រប់វិធី និង​គ្រប់បែប​យ៉ាង​ទាំងអស់ ដើម្បី​ធ្វើយ៉ាងណា​ដើម្បី​ធ្វើយ៉ាងណា​រារាំងកុំឲ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​បាន។

សម្តេច​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ហើយគេ​ចង់និយាយ​យ៉ាងម៉េច​ក៏មិនអាច​ហាមឃាត់​គេបានទេ ។ ហើយនៅ​កម្ពុជា មិនមែន​ត្រឹមតែ​រឿងនៅ​សមុទ្ររាមទេ កន្លែង​ដទៃ​ក៏ដូចគ្នាដែរ គឺគេ​រៀបរាប់​បកស្រាយ​ឲ្យទៅជា​រឿងផ្សេង​ទាំងអស់ និងខុសពី​ការពិត​ទាំងអស់ ហើយបំណង​របស់គេ គឺចង់ធ្វើ​យ៉ាងណា​ បម្រើ​នយោបាយ​របស់គេឲ្យក្រុម​មួយ​ចំនួន​តែប៉ុណ្ណោះ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;