ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយបាក់​អគារ​នៅខេត្ត​ព្រះសីហនុ ប្តឹង​ទាមទារ​សំណង​ពីក្រុមហ៊ុន

  • 2019-07-26 04:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលស្លាប់​ដោយសារ​ការបាក់​អគារ​នៅខេត្ត​ព្រះសីហនុ បានដាក់ពាក្យ​បណ្តឹង​ទៅសាលា​ដំបូង​ខេត្តព្រះសីហនុ ប្តឹងទាមទារ​សំណង​ពី​ក្រុមហ៊ុន XI GANG TANG GONG YOU JI HAISAO ។ ការដាក់​ពាក្យ​បណ្តឹង​នេះ គឺតាមរយៈ​ក្រុមមេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី។

ក្រុមគ្រួសារ​ជនរងគ្រោះ​ដែលប្តឹង គឺមាន​ចំនួន ៧គ្រួសារ មកពី​ខេត្ត​ព្រៃវែង និង​ខេត្តកំពង់ចាម រួមមានៈ ១. ឈ្មោះ សុន សុផាត ២. ឈ្មោះ ផឹម អិត ៣. ឈ្មោះ ភួន ផានិត ៤. ឈ្មោះ ឆេង ចំរើន ៥. ខឹម សាខន ៦. ឈ្មោះ យឹម ថេន ៧. ឈ្មោះ ឈុំ ចិនឡាង។

លោក យឹម ប៉ុណ្ណារ៉េត ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្តព្រះសីហនុ បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ] នៅព្រឹក​ថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ​២០១៩​ថា ពិតជា​មានក្រុមគ្រួសារ​ជនរងគ្រោះ​ដោយសារការ​បាក់អគារ​នៅ​ខេត្តព្រះសីហនុ បានដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ពីក្រុមហ៊ុន​ពិតប្រាកដ​មែន ដោយ​លោក​ចៅក្រម សុខ ហេង ជាអ្នក​កាន់សំណុំ​រឿងនេះ។ ប៉ុន្តែលោក​មិនបាន​បញ្ជាក់​លម្អិត​នោះទេ។

គួរបញ្ជាក់ថា អគារ​កម្ពស់ ៧ជាន់ នៅខេត្ត​ព្រះសីហនុ បាន​បាក់ស្រុត កាលពី​វេលាម៉ោង​ជិត៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានបណ្តាលឲ្យ​កម្មករស្លាប់​ចំនួន ២៨នាក់ និងរងរបួសចំនួន ២៦នាក់។ សំណង់​អគារនេះ មានទំហំ​ទទឹង ១៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ និងកំពុង​ដំណើរការ​សាងសង់​បានប្រមាណ ៧០ ទៅ ៨០​ភាគរយ។

រដ្ឋបាលខេត្តព្រះសីហនុ​បានបញ្ជាក់​ថា ការដ្ឋាន​សំណង់​នេះ មានម្ចាស់​ឈ្មោះ CHEN KHUN ភេទប្រុស អាយុ៣៩​ឆ្នាំ បានជួលដីសម្រាប់​សាងសង់​អគារពី​ឈ្មោះ ញឹក ហ៊ុយ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិ​ខ្មែរ ម៉ៅការ​សាងសង់ដោយក្រុមហ៊ុន​ឈ្មោះ XI GANG TANG GONG YOU JI HAISAO មានថៅកែ​ម៉ៅការសាងសង់​ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការ​បូកជញ្ជាំង​អាគារ​ឈ្មោះ AGO YU ភេទប្រុស អាយុ២៩​ឆ្នាំ។ បច្ចុប្បន្នអ្នក​ទាំង៤នាក់នេះ ត្រូវបានឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;