សម្តេច ហ៊ុន សែន ពន្យល់​រឿង​ចាប់​ខ្លួន​មន្ត្រី​សុរិយោ​ដីខេត្ត​ពោធិ៍សាត់

  • 2019-07-29 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​មន្រ្តី​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ចំនួន​៣នាក់ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទារលុយ​ខុសច្បាប់​១០ម៉ឺនដុល្លារ ពេល​មាន​ក្រុមហ៊ុន​មួយ​សុំច្បាប់​សាងសង់។ ការថ្លែង​នេះ ធ្វើឡើង​ក្នុងពេល​អញ្ជើញ​ចុះពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ នាព្រឹក​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកលោក ស​ ថេត
សម្តេច​ពន្យល់​យ៉ាងដូច្នេះ​ថា៖ «អារឿងចាប់​មន្រ្តី​៣នាក់​មកពី​ពោធិ៍សាត់ រឿងវា​ដូច្នេះ គេត្រូវ​កសាង​រោងចក្រ ហើយ​ខ្ញុំបាន​ទៅប្រកាស​បើក​រោងចក្រ​នៅ​កន្លែង​ហ្នឹង។ ដល់ពេល​គេសុំ​សាងសង់ វាទារ​លុយគេ។ ដំបូង​វាត្រឹម ៥ម៉ឺន (ដុល្លារ) ទេ ដល់ក្រោយមក ខ្ញុំធ្វើការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឱម យ៉ិនទៀង ស្រាវជ្រាវ​រឿងហ្នឹង។ គេ​ឱ្យមន្រ្តី​ក្លែងបន្លំ​ចូលទៅ ធ្វើជា​ម្ចាស់​ក្រុមហ៊ុន​។ អានោះ វាឡើងថ្លៃ​មួយទ្វេ​ជាពីរ ពី ៥ម៉ឺនដល់ ១០ម៉ឺន ទារ​កក់ ៥ពាន់។ ខាង ACU គេ​ក៏កក់ ៥ពាន់។ ស្អែកឡើង​ត្រូវយក ៤ម៉ឺន ៥ពាន់​ទៀត យកទៅ​កក់ ឱ្យបាន​គ្រប់ ៥០% ។ អ៊ីចឹង​ថ្ងៃទីមួយ​កក់ ៥ពាន់ ថ្ងៃទី២ ៤ម៉ឺន ៥ពាន់ ។ កក់រួច​ហើយ យកមក (ចាប់ខ្លួន) ​តែម្តង»។

សម្តេច​បញ្ជាក់​ថា នេះ​ជា​អភិក្រម​ទី៥ ដែលត្រូវ​អនុវត្ត​គ្មានការ​លើកលែង។ «ហែង​បំផ្លាញ​ជាតិ បំផ្លាញ​រដ្ឋបាល​របស់​ហ៊ុនសែន»។ សម្តេច​ក៏បាន​ឱ្យ​ស្រាវជ្រាវ​ដកហូតទ្រព្យសម្បត្តិ​ពី​មន្រ្តីទាំង​៣រូបនេះ ថែមទៀត​ផងដែរ។

គួរ​រំលឹក​ថា កាលពី​ព្រឹកថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៩ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បាន​ចាប់ខ្លួន​ប្រធាន អនុប្រធាន និងមន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់។ ការ​ចុះចាប់​ខ្លួននេះ គឺ​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

អ្នកដែលចាប់​ខ្លួនមានឈ្មោះ៖

១. ឈ្មោះ លៀម ប៊ុនរឿម ប្រធានមន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់

២. ឈ្មោះ ជាង វុទ្ធី អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់

៣. ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដី​ខេត្ត៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;