ថៃ​គ្រោងទិញ​នាវាមុជទឹក​មួយគ្រឿង​បន្ថែម​ទៀត​ពីចិន

  • 2019-07-30 06:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើងទឹកថៃ​គ្រោង​ទិញ​នាវាមុជទឹក​មួយគ្រឿង​ទៀត​ពី​ប្រទេសចិន ក្នុង​តម្លៃ ១២ពាន់​លាន​បាត (ជាង ៣៨៩លាន​ដុល្លារ​អាមេរិក)។ នេះបើតាម​ការ​ចុះផ្សាយ​របស់ Bangkok Post នៅថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​ដកស្រង់​ចេញពី​ប្រភព​កងទ័ព​ជើងទឹក​ថៃ។

យ៉ាងណាមិញ​ចំពោះ​គម្រោង​នេះ គឺកង​ទ័ព​ជើងទឹក​ថៃ កំពុង​រង់ចាំ​សភា​អនុម័ត​ថវិកា​របស់​រដ្ឋាភិបាល​ប្រចាំឆ្នាំ​២០២០​ជាមុន​សិន។

ទ័ពជើងទឹកថៃ ធ្វើសន្និសីទអំពីការទិញនាវាមុជទឹក កាលពីឆ្នាំ២០១៧ (រូបថត៖ Bangkok Post)
គួរ​រំលឹក​ថា កាលពីខែ​មេសា ឆ្នាំ​២០១៧ គណៈរដ្ឋមន្រ្តី​ថៃ បាន​យល់ព្រម​ឱ្យទិញ​នាវាមុជទឹក Yuan Class S26T ពី​ប្រទេស​ចិន​ក្នុងតម្លៃ ១៣,៥​ពាន់លាន​បាត (ជាង ៤៣៨លាន​ដុល្លារ​អាមេរិក)។ បន្ទាប់មក​នៅខែ​ឧសភា ឆ្នាំ​២០១៧ ទ័ពជើងទឹក​ថៃ បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ចិន China Shipbuilding & Offshore International Co ក្នុង​ការទិញ​នាវា​នេះ។ ការទិញ​នេះ ត្រូវបាន​បែងចែក​ជា ៧ដំណាក់កាល។

នាវាមុជទឹក​ទី១នេះ ត្រូវបាន​ចាប់ផ្តើម​សាងសង់​នៅខែកញ្ញា ឆ្នាំ​២០១៨ ដោយ​រំពឹងថា នឹងបញ្ជូន​ទៅប្រទេស​ថៃ នៅពាក់​កណ្តាលឆ្នាំ​២០២៣។

សូម​ជម្រាប​ថា រដ្ឋាភិបាល​ថៃរបស់​លោក​ ប្រាយុទ្ធ ចាន់អូចា បាន​អនុញ្ញាត​ឱ្យ​កងទ័ព​ជើងទឹក ទិញ​នាវាមុជទឹក​ចំនួន​៣គ្រឿង ពីប្រទេស​ចិន៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;