រាជរដ្ឋាភិបាល​ដាក់​វិធានការ​ទប់ស្កាត់​ការនាំចូល​ជ្រូក និង​ផលិត​ផលពី​សាច់ជ្រូក​ដោយ​ខុសច្បាប់​

  • 2019-07-31 08:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​វិធានការឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់​ស្កាត់​ការនាំ​ចូលដោយ​ខុស​ច្បាប់​នូវ​ជ្រូក សាច់​ជ្រូក និង​ផលិត​ផល​ដែល​មាន​ដើម​កំណើត​ពី​សាច់​ជ្រូក​គ្រប់​ប្រ​ភេទ ខណៈ​ជំងឺ​ប៉េស្តជ្រូក​អាហ្រ្វិក​បាន​រាល​ដាល​ដល់​ខេត្ត​ប្រាំ​របស់​កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា​នៅ​ថ្ងៃនេះ​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​មួយ​នេះ​ និង​បាន​ណែនាំ​ក្រ​សួង​កសិកម្ម ក្រ​សួង​មហាផ្ទៃ​ និង​អាជ្ញាធរពាក់ព័ន្ធផ្សេង​ទៀត​អនុវត្ត​ភារកិច្ច​នេះ​ឲ្យ​បានជោគជ័យ។​

(រូបភាព៖ ក្រ​សួង​កសិកម្ម)
បើ​តាម​សារាចរ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​ក្រ​សួង​កសិកម្ម​ចាត់ចែង​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក​ និង​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​ជំងឺនេះ និង​វិធានការ​ការ​ពារ។

ក្រៅពីនេះ​ក្រ​សួង​កសិកម្មក៏​ត្រូវឃាត់ទុក​ និង​បំផ្លាញ​ចោល​​នូវ​ជ្រូក សាច់ជ្រូក ផលិត​ផល​ដើម​កំណើតពី​​សាច់​ជ្រូក​ដែលនាំចូលដោយ​ខុសច្បាប់។ សម្រាប់​ការ​នាំ​ចូល​ត្រូវមាន​ការ​ត្រូត​ពិនិត្យ​អនាម័យ និង​សុខភាព​សត្វ​តាម​លក្ខណៈបច្ចេក​ទេស និង​មានលិខិត​អនុញ្ញាត​ពី​ក្រ​សួង​កសិកម្ម។

សម្រាប់​ក្រ​សួង​មហា​ផ្ទៃ​វិញ​ត្រូវ​​ដាក់​បទបញ្ជាទៅ​កាន់ អភិបាល​ រាជធានី​ខេត្ត​ឲ្យ​ទប់​ស្កាត់​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ការ​នាំចូល​ដោយ​ខុស​ច្បាប់ និង​គ្មាន​លិខិត​អនុញ្ញាត​នូវ​ជ្រូក សាច់ជ្រូក និង​ផលិត​ផល​មាន​ដើម​កំណើត​ពីសាច់ជ្រូក​នៅ​តាម​មាត់​ច្រក​នានា។

​ដើម្បី​សម្រេច​កិច្ចការ​នេះដោយ​ជោគជ័យ​ រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ផ្ដល់​កិច្ច​សហការ​ដល់ក្រ​សួង​កសិកម្ម។

​​​​​​​​​​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​ដល់​ខេត្ត​រតនគិរី ​ត្បូង​ឃ្មុំ តាកែវ កណ្ដាល និង​ស្វាយរៀង៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;