អគារ​កម្ពស់ ៣៥ជាន់​នៅខេត្ត​ព្រះសីហនុ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ

  • 2019-08-01 02:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគារ​ Morgan The Pure Bay កម្ពស់​ ៣៥ជាន់ (ជាង ១២៦ម៉ែត្រ) ​នៅខេត្ត​ព្រះសីហនុ ត្រូវ​បាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពី​ថ្ងៃទី៣១ កក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ជា សុផារ៉ា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និង​មានការ​ចូលរួមពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ។

រូបថត៖ ក្រសួងដែនដី
អគារ​ពហុមុខងារ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុនEven Asend Development Co.Ltd ស្ថិត​នៅឆ្នេរអូឈើទាល ក្រុង​ព្រះសីហនុ លើ​ផ្ទៃដីជាង ៣ហិកតា។
រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

លោក គួច ចំរើន បានថ្លែង​ថា ពិធី​បើកការដ្ឋាន​សាងសង់​អាគារ Morgan The Pure Bay គឺជាការ​រួមចំណែក​យ៉ាងធំធេង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដែលផ្តល់​ការងារ​យ៉ាងច្រើន ដល់ប្រជាពលរដ្ឋ​កម្ពុជា​ជា​ពិសេសប្រជាពលរដ្ឋ​នៅក្នុង​ខេត្តព្រះសីហនុ ទទួលបាន​នូវការ​កាត់បន្ថយ​នូវភាពក្រីក្រ ស្របតាម​កម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល។

លោក ជា សុផារ៉ា បាន​លើកឡើង​ថា គម្រោង​សាងសង់​អគារ​ពហុបំណងនេះ ពិតជា​បានចូលរួម​ចំណែកបន្ថែម​ទៀត ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ការចូលរួម​អភិវឌ្ឍន៍​លើវិស័យ​អចលនទ្រព្យ​នៅព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​ការងារជូនយុវជន​ដោយ​មិនចាំបាច់​ធ្វើ​ចំណាក​ស្រុក។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់​ បានឲ្យដឹងថា នៅទូទាំង​ប្រទេស​ចាប់ពីឆ្នាំ២០០០ មកដល់ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​បានចេញ​លិខិត​អនុញ្ញាត សាងសង់​ចំនួន ៤ម៉ឺន ៥ពាន់ ៦០៥​គម្រោង ដែល​មាន​ផ្ទៃក្រឡា​សរុប​ជាង ១២០,៤លាន​ម៉ែត្រក្រឡា និង​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុបប្រមាណ​ជាង ៤៥ពាន់​លានដុល្លារ។ គម្រោង​សំណង់​អគារ​ដែលមាន​កម្ពស់ចាប់ពី ៥ជាន់ឡើង​មាន ១ពាន់ ៣៥៧អគារ ក្នុងនោះ​ពី៥ ដល់៩ជាន់ មាន​៧៤៦ អគារ, ពី១០ ដល់ ១៩ជាន់ មាន៣៧៥​អគារ, ពី២០ ដល់ ២៩ជាន់ មាន១២៥អគារ, ពី៣០ ដល់៣៩ មាន ៨០អគារ និង​ពី៤០​ជាន់​ឡើង​មាន៣១អគារ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;