លោក ប្រាក់ សុខុន នឹងទៅចូលរួមសម្ពោធអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន
- 2019-08-05 07:26:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប្រាក់ សុខុន នឹងទៅចូលរួមសម្ពោធអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន
ចន្លោះមិនឃើញ
តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដើម្បីចូលរួមជាមួយរដ្ឋមន្រ្តីការបរទេស និងអ្នកតំណាងផ្សេងទៀតរបស់ប្រទេសសមាជិកអាស៊ាន ក្នុងពិធីសម្ពោធជាផ្លូវការនូវអគារថ្មីរបស់លេខាធិការដ្ឋានអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។
ក្រសួងការបរទេសបានបន្តថា ពិធីសម្ពោធនេះ ប្រព្រឹត្តទៅចំខួបលើកទី៥២ឆ្នាំនៃការបង្កើតអាស៊ាន។ លើសពីនេះ ក៏នឹងមានរៀបចំការដំឡើងប្រអប់ពេលវេលា ដើម្បីរក្សាទុកនូវសារលិខិតរបស់បណ្តាថ្នាក់ដឹកនាំអាស៊ាន ដែលរៀបរាប់ពីក្តីសង្ឃឹម និងការរំពឹងទុកមកលើអាស៊ាន នៅចំពេលខួបលើកទី៧៥ឆ្នាំនៃការបង្កើតអាស៊ាន នៅឆ្នាំ២០៤២ ខាងមុខផងដែរ។
ការសម្ពោធអគារលេខាធិការដ្ឋានអាស៊ានថ្មីនេះ បង្ហាញឲ្យឃើញនូវតួនាទីកាន់តែកើនឡើងរបស់លេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងវិវត្តក្នុងសកលលោក និងក្នុងតំបន់ ក៏ដូចជាក្នុងការកសាងសហគមន៍អាស៊ាន ដែលមានសសរស្តម្ភបីគឺ៖ សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌៕