លោក កែវ រ៉េមី ថាជប៉ុន សរសេររបាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា គឺឆ្លុះបញ្ចាំងពីការពិត
- 2019-08-07 01:44:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក កែវ រ៉េមី ថាជប៉ុន សរសេររបាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជា គឺឆ្លុះបញ្ចាំងពីការពិត
ចន្លោះមិនឃើញ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា ជប៉ុនជាប្រទេសមួយ ក្នុងការធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយការសរសេររបាយការណ៍របស់ជប៉ុនគឺមានតុល្យភាព និងឆ្លុះបញ្ចាំងពីអ្វីដែលជាការពិតនៅកម្ពុជា។ ការថ្លែងនេះក្រោយជំនួបសន្ទនាស្ដីពីសិទ្ធមនុស្សកម្ពុជា-ជប៉ុន លើកទី១០ រវាងលោក កែវ រ៉េមី និងភាគីជប៉ុន ដឹកនាំដោយលោក ម៉ាសាតុ អូតាកា អគ្គនាយករងនៃការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក កែវ រ៉េមី បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានេះ លោកបានលើកឡើង អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលសង្កត់ធ្ងន់ច្បាស់លាស់ និងប្ដេជ្ញាដាច់ខាត គឺទាក់ទងទៅនឹងការការពារសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ពីព្រោះបើគ្មានចំណុចអស់ទាំងហ្នឹងទេ វាអត់អាចមានលទ្ធភាពឲ្យកម្ពុជា ហក់លោតនៅក្នុងការអភិវឌ្ឍ នៃសេដ្ឋកិច្ចប្រទេសជាតិបានទេ ពោលគឺសំដៅក្រោយពីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដែលជំរុញឲ្យកម្ពុជាមានការហក់ឡើង ក្នុងកម្រិតនៃការកើនសេដ្ឋកិច្ច ៧%។
លោក ម៉ាសាតុ អូតាកា បានសម្តែងការព្រួយបារម្ភទាក់ទងការរំលាយគណបក្សសង្គ្រោះជាតិ ទាក់ទងករណីលោក កឹម សុខា លោក កែម ឡី និងសិទ្ធិសេរីភាពសម្ដែងមតិ ទាក់ទងទៅនឹងការប្រជុំរបស់អង្គការសង្គមស៊ីវិល ...។ល។
ទាក់ទងការព្រួយបារម្ភរបស់ភាគីជប៉ុន លោក កែវ រ៉េមី បានលើកឡើងថា លោកបានបកស្រាយជម្រាបជូនភាគីជប៉ុនអំពីទិដ្ឋភាពច្បាប់ អង្គហេតុ និងការអនុវត្តរបស់តុលាការ។ ហើយទាក់ទងទៅនឹងសង្គមស៊ីវិល ដោយមានសង្គមស៊ីវិលខ្លះបានលើកឡើងថាខ្លួនមិនបានចូលរួមសង្កេតការណ៍បោះឆ្នោតកន្លងមក ហើយការដែលមិនបានចូលរួម គឺដោយសារតែសង្គមស៊ីវិលមួយចំនួននោះ បានធ្វើពហិកាខ្លួនឯងមិនចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោត។
ទាក់ទងជំនួបនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនានេះ ប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាសិទ្ធិមនុស្សជាទូទៅដូចជា សេរីភាពក្នុងការចូលរួមសកម្មភាពនយោបាយ ការសម្តែងមតិ ការជួបជុំ និងការរួមគ្នាជាសមាគម និងឯកភាពភាពនៃប្រព័ន្ធតុលាការ។
ប្រទេសទាំងពីរក៏បានពិភាក្សាប្រកបដោយផ្លែផ្កាអំពីជំនួយកសាងសមត្ថភាពរបស់ជប៉ុន ដល់ប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ៕