ជុំវិញ​បឹង​សំរោង​ព្រែកព្នៅ នឹង​មានផ្លូវថ្មើរជើង​និង​សួន សម្រាប់​ដើរ​លំហែ​កម្សាន្ត

  • 2019-08-08 02:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ស្ថាបនា​ផ្លូវថ្មើរជើង និង​សួន​សាធារណៈ​នៅជុំវិញ​បឹង​សំរោង​ ស្ថិតនៅ​សង្កាត់​សំរោង និង​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ដើម្បី​កែល​ម្អ​សោភ័ណភាព​ផ្ទៃបឹង​សំរោង ឱ្យមាន​លក្ខណៈ​ល្អប្រសើរ សម្រាប់​ជាទីកន្លែង​ដើរ​លំហែរបស់​ប្រជាពលរដ្ឋ។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៩។

រូបថត៖ រស្មីកម្ពុជា
ក្នុងការ​អនុវត្ត​គម្រោង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុងធ្វើការ​កំណត់​ព្រំ​ផ្ទៃបឹង​សំរោង ស្របតាម​​ចំណុច​និយាមការ​នៃអនុក្រឹត្យ​លេខ ៦៥ អនក្រ បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ​២០១៨ និង​បាន​ដោះស្រាយ​គោលនយោបាយ​នូវ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល និង​ស្រះចិញ្ចឹម​ត្រី​នៅលើ​ផ្ទៃបឹង​សំរោង ប៉ុន្តែនៅសេសសល់​ប្រជាពលរដ្ឋ​មួយចំនួន​ទៀត ដែល​កាន់កាប់​ផ្ទៃបឹង​ដោយខុសច្បាប់ នៅ​មិនទាន់​អញ្ជើញ​ចូលរួម​សហការ​ដោះស្រាយ។

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ដែលកាន់កាប់​ដី​នៅលើ​ផ្ទៃដី​បឹង​សំរោង​ទាំងអស់ យក​ឯកសារ​ពាក់ព័ន្ធ​មកបង្ហាញ​នៅទីចាត់ការកិច្ចការ​ច្បាប់ និង​សិទ្ធិមនុស្ស​សាលារាជធានី​ភ្នំពេញ ដើម្បី​ឱ្យក្រុមការងារ​រដ្ឋបាល​រាជធានីភ្នំពេញ​ពិនិត្យ វាយតម្លៃ ព្រមទាំង​ចុះវាស់វែង​លើ​ទីតាំង​កាន់កាប់​ផ្ទៃបឹង​សំរោង ដើម្បីមាន​មូលដ្ឋាន​ក្នុងការដោះស្រាយ​គោលនយោបាយជូន។ ការ​ប្រគល់​ឯកសារ និង​ការចុះវាស់វែង​ នឹង​ចាប់ផ្តើម​ចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៩៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;