សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រតិកម្មជាមួយអង្គការលីកាដូ-សមាគមធាងធ្នោត

  • 2019-08-08 06:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា របាយការណ៍មួយដែលត្រូវបានចេញផ្សាយ ដោយអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត ដែលមានចំណងជើងថា «ការធ្វើឲ្យខូចខាតទ្រព្យបញ្ចាំ» កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ និងហើយរបាយការណ៍នេះផ្តោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានដែលគ្មានភាពប្រាកដនិយមទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ស្របពេលការសិក្សាផ្សេងៗត្រូវបានធ្វើឡើងតែលើ២៨ករណី ក្នុងចំណោមអ្នកខ្ចីប្រាក់ច្រើនជាង២លាននាក់ នៅក្នុងសៀវភៅកំណត់ត្រានាពេលបច្ចុប្បន្ននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា របាយការណ៍នេះ មិនបង្ហាញពីភាពជាក់ស្តែងទៅលើរូបភាពទាំងស្រុងលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាឡើយ ផ្ទុយទៅវិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ និងបានបង្កើនកម្រិតនៃការជួយផ្តល់ទុនហិរញ្ញវត្ថុ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធលើការសរសេរ និងរៀបចំរបាយការណ៍នេះ បានដឹងយ៉ាងច្បាស់ថា ពួកគេបានជ្រើសរើសយកគំរូមកសិក្សាត្រឹមតែ២៨ករណីប៉ុណ្ណោះ ដោយមានមូលដ្ឋានតែទៅលើលទ្ធផលជាអវិជ្ជមានពីកម្ចីមីក្រូហិរញ្ញវត្ថុ។ ការធ្វើបែបនេះ គឺជាការបង្ហាញពីរូបភាពមិនត្រឹមត្រូវមួយ និងមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតទៅលើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស.ម.ក) បានបញ្ជាក់ថា របាយការណ៍ដដែលនេះ បង្ហាញថា «ការស្រាវជ្រាវនេះ មិនត្រូវបានចាត់ទុកថា ជាតួលេខតំណាងឲ្យកម្ពុជា ឬអតិថិជនទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡើយ» ក៏ប៉ុន្តែ របាយការណ៍នេះ និងការស្រាវជ្រាវតែមួយផ្នែករបស់អង្គភាពទាំង២តាមវិធីបែបនេះ ត្រូវបានចាត់ទុកថាជាការបង្ខូចកេរិ៍្តឈ្មោះរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូលយ៉ាងពិតប្រាកដ។

លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងបញ្ជាក់ថា «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងទៅលើរបាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដ និងមួលបង្កាច់ទៅលើការអនុវត្តការផ្តល់ប្រាក់កម្ចី ហើយសមាគមនឹងធ្វើការជាមួយនឹងសមាជិករបស់យើងដើម្បីស៊ើបអង្កេតទៅលើការសិក្សាផ្សេងៗលើករណី ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍នេះ។ ក៏ប៉ុន្តែ សមាគមពិតជាមានការសោកស្តាយណាស់ដែលរបាយការណ៍នេះ ផ្តោតតែទៅលើគំរូតូចមួយនៃអ្នកខ្ចីប្រាក់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហើយសមាគមក៏មានការសោកស្តាយផងដែរថា មិនមានសមាជិកណាម្នាក់របស់យើង ឬក៏សមាគមផ្ទាល់ ត្រូវបានទាក់ទងដោយអ្នកសរសេររបាយការណ៍នេះ អំឡុងពេលនៃការបំពេញការងាររបស់ពួកគេ។ យើងមិនទាន់បានត្រួតពិនិត្យរបាយការណ៍នេះទាំងស្រុងនៅឡើយទេ ដោយសាតែរបាយការណ៍នេះ ទើបតែត្រូវបានចេញផ្សាយនៅថ្ងៃនេះ ប៉ុន្តែ យើងមានការយកចិត្តទុកដាក់ជាខ្លាំងទៅការពិពណ៌នាដែលមិនត្រឹមត្រូវ ឬអវិជ្ជមានទៅលើកម្ចីក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលសមាជិករបស់យើងត្រូវបានតម្រូវឲ្យអនុវត្តតាមនីតិវិធីជាច្រើនទាក់ទងនឹងការកាត់បន្ថយ និងការវិភាគយ៉ាងតឹងរ៉ឹងបំផុតលើហានិភ័យដែលប្រឈមមុខ ក៏ដូចជាវិធីសាស្ត្រលើការការពារអតិថិជនយ៉ាងម៉ត់ចត់បំផុត នៅទីផ្សារមីក្រូហិរញ្ញវត្ថុធំៗនានា នៅក្នុងពិភពលោកដែលកំពុងតែអភិវឌ្ឍ»។

សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខារួមគ្នាលើសេចក្តីណែនាំលើផ្តល់កម្ចីដ៏តឹងរ៉ឹងរបស់សមាគមនេះកាលពីឆ្នាំមុន ខណៈដែលសេចក្តីណែនាំនេះ មានលក្ខខណ្ឌលើការទប់ស្កាត់ការជាប់បំណុលវណ្ឌករ តឹងរ៉ឹងជាងបទបញ្ញត្តិដែលគ្រប់គ្រងវិស័យធនាគារពាណិជ្ជកម្មរបស់កម្ពុជា និងទីផ្សារមីក្រូហិរញ្ញវត្ថុភាគច្រើនទូទាំងពិភពលោកទៅទៀត ទៀតផង។

គ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុចំនួន៦ក្នុងចំណោមគ្រឹះស្ថានទទួលយកប្រាក់បញ្ញើហិរញ្ញវត្ថុធំៗទាំងអស់របស់កម្ពុជា ក៏ទទួលបានវិញ្ញាប័ណ្ណប័ត្រពី Smart Campaign ដែលជាកម្មវិធីផ្តល់វិញ្ញាប័ណ្ណប័ត្រ ជាសកលសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយតម្រូវឲ្យស្ថាប័នទាំងនេះ អនុវត្តគោលការណ៏ការពារអតិថិជន ដ៏តឹងរ៉ឹង ហើយមានគោលបំណងក្នុងការប្រយុទ្ធប្រឆាំងនឹងការជាប់បំណុលវណ្ណករ ក៏ដូចជាបង្ហាញពីការប្រព្រឹត្តដ៏យុត្តិធម៌ និងប្រកបដោយការគោរពទៅកាន់អតិថិជនរបស់ខ្លួន។

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា «បើយោងទៅតាមទិន្នន័យរបស់ធនាគារពិភពលោក វិស័យមីក្រូហិរញ្ញវត្ថុបានក្លាយជាតួអង្គដ៏សំខាន់លើទៅការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានចូលរួមចំណែកជួយកាត់បន្ថយភាពក្រីក្រីពី ៤៧% នៃអត្រាប្រជាជនសរុបក្នុងឆ្នាំ២០០៧ មកនៅត្រឹម ១៣,៥% នៃអត្រាប្រជាជន ក្នុងឆ្នាំ២០១៤»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយវ័ស័យគំរូមួយក្នុងចំណោមវ័ស័យគំរូដ៏ជោគជ័យបំផុតសម្រាប់បរិយាប័ណ្ណហិរញ្ញវត្ថុទូទាំងពិភពលោក និងត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាករណីសិក្សាស្រាវជ្រាវជាវិជ្ជមានមួយទៅលើកម្រិតនៃភាពងាយស្រួលដែលមីក្រូហិរញ្ញវត្ថុ ផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋក្រីក្រ ក្នុងប្រទេសកំពុងអភិវឌ្ឍ។

ការកំណត់ចំណាំគោលនយោបាយមីក្រូហិរញ្ញវត្ថុកម្ពុជារបស់ធនាគារពិភពលោក ដែលត្រូវបានចេញផ្សាយ កាលពីខែតុលា ឆ្នាំ២០១៨ បង្ហាញថា «កំណើនក្នុងកម្ចីខ្នាតតូច (មីក្រូក្រេឌីត) កំពុងតែមានឥទ្ធិពលសុខុមាលភាព និងហិរញ្ញវត្ថុជាវិជ្ជមានសម្រាប់ក្រុមគ្រួសារនានា នៅកម្ពុជា។ ការពង្រីកខ្លួនរបស់វិស័យមីក្រូហិរញ្ញវត្ថុ បានបង្កើតឲ្យមានលទ្ធភាពសម្រាប់អ្នកខ្ចី ក្នុងការផ្លាស់ប្តូរប្រភពកម្ចីមិនផ្លូវការឲ្យទៅជាប្រភពកម្ចីផ្លូវការ ជាពិសេសក្នុងគ្រួសារក្រីក្រ»។

ការកំណត់ចំណាំគោលនយោបាយរបស់ធនាគារពិភពលោក ក៏បង្ហាញពីឲ្យឃើញផងដែរថា ភាពងាយស្រួលទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកាត់បន្ថយជាពិសេសទៅលើការខ្ចីមិនផ្លូវការរបស់ពលដ្ឋកម្ពុជា ខណៈដែលចំនួនអ្នកខ្ចី ដែលប្រើប្រាស់ប្រភពកម្ចីមិនផ្លូវការ បានធ្លាក់ចុះពី ៣២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម ៦% ក្នុងឆ្នាំ២០១៤។

របាយការណ៍នេះ បង្ហាញពីអត្ថប្រយោជន៍ជាច្រើនដែលកម្ចីខ្នាតតូច អាចមានសម្រាប់អ្នកខ្ចី។ ការកត់សម្គាល់គោលនយោបាយនេះ បានបញ្ជាក់ថា «ភាពងាយស្រួលលើកម្ចី បានបង្កើនឱកាសរបស់គ្រួសារក្នុងការបង្កើតមុខរបរ លក្ខខណៈគ្រួសារ រហូតដល់ទៅ ៤% បើប្រៀបធៀបទៅនឹងក្រុមគ្រួសារស្រដៀងគ្នា ដែលមិនមានកម្ចី កាលពីឆ្នាំ២០១៦។ ភាពស្រដៀងគ្នានេះផងដែរ ក្រុមគ្រួសារដែលមានកម្ចី បានចំណាយច្រើនជាង ៥% ទៅលើការងារកសិកម្ម បើប្រៀបធៀបទៅនឹងអ្នកដែលគ្មានកម្ចី។ ភ័ស្តុតាងទាំងនេះ បង្ហាញថា កម្ចីខ្នាតតូច បានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសកម្មភាពសហគ្រិន ការធ្វើកសិកម្មបែបពាណិជ្ជកម្ម និងធ្វើឲ្យកម្រិតជីវភាពជាទូទៅរបស់ពលរដ្ឋក្រីក្រ កាន់តែមានភាពល្អប្រសើរជាងមុន»។

បើទោះបីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលស្គាល់ថា អត្រានៃបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ សមាគមនេះ ក៏បានកត់សម្គាល់ឃើញផងដែរថា អត្រានៃការដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានទទួលប្រាក់បញ្ញើហិរញ្ញវត្ថុ បានកើនឡើង ៣៩% ស្របពេលដែលអត្រាកម្ចី បានកើនឡើងត្រឹមតែ ៣២% ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ នៅកម្ពុជា ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយធនាគារជាតិនៃកម្ពុជា ដើម្បីទទួលយកប្រាក់បញ្ញើពីអតិថិជន ក៏ដូចជា ផ្តល់កម្ចីទៅឲ្យអតិថិជន។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានកត់សម្គាល់បន្ថែមទៀតថា ការប្រៀបធៀបរបស់របាយការណ៍នេះ ទៅលើទំហំកម្ចីជាមធ្យមធៀបទៅនឹងផលិតផលក្នុងស្រុកសរុបក្នុងពលរដ្ឋម្នាក់ បានបង្កើតឲ្យមានការយល់ខុសគ្នា ខណៈដែលកម្ចីធំៗរបស់មីក្រូហិរញ្ញវត្ថុជាច្រើន ដែលបានធ្វើឲ្យចំនួននៃទំហំកម្ចីជាមធ្យមកើនឡើងនោះ ត្រូវបានធ្វើឡើងទៅលើសហគ្រាសខ្នាតតូច និងមធ្យម មិនមែនជាកម្ចីបុគ្គលឡើយ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ចីមីក្រូហិរញ្ញវត្ថុភាគច្រើន សម្រាប់បុគ្គលឯកជននីមួយៗ មានចំនួនទឹកប្រាក់ក្រោម ១០០០ដុល្លារអាមេរិក និងជាឥណទានដែលគ្មានដាក់ទ្រព្យធានា ដើម្បីទទួលបានប្រាក់កម្ចីនោះឡើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;