ចាប់ខ្លួនបុរស ២នាក់ ពី​បទ​បោក​ប្រាស់​លុយរាប់ម៉ឺន​ដុល្លារ ដើម្បី​រត់​ការ​ចូល​ក្របខ័ណ្ឌ​កងទ័ព

  • 2019-08-14 01:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ប៉េអឹមចាប់ខ្លួនបុរស ២នាក់ដែល​បាន​បោកជនរងគ្រោះជិត ១០០នាក់ ក្នុង​គោល​បំណង​យក​លុយ​ដើម្បី រត់ការចូលក្របខ័ណ្ឌកងទ័ព។ ជនសង្ស័យទាំងពីរនាក់ ត្រូវ​បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅតុលាការកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់។

ជនសង្ស័យ​ទាំង ២ ម្នាក់ ឈ្មោះ ប៊ិន ឡាច ហៅ វ៉ែន សារ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៦២ ត្រូវ​បាន​ឃាត់​ខ្លួនកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ នៅចំណុចភោជនីយដ្ឋាន ណានជីង សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ តុប គឹមហុង ហៅ យឹម ឈុនហុង ភេទប្រុស ឆ្នាំ​កំណើត ១៩៧៣ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ ត្រង់​ចំណុច​ទល់​មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មីល្ងាចស្រស់ ផ្លូវ ១១៥ កែង ២៧៤ សង្កាត់ បឹងប្រលឹត ខណ្ឌ ៧មករា។

ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ជនសង្ស័យ បានសារភាពថា ឈ្មោះ តុប គឹមហុង បាន​ប្រើ​ល្បិច ប្តូរ​ឈ្មោះជា យឹម គឹមហុង កុហក​ជន​រងគ្រោះថា ជាបងប្អូនជីដូនមួយរបស់ឯកឧត្តម យឹម លាង ព្រម​ទាំង​កុហក​ជន​រង​គ្រោះទៀតថា នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្តម យឹម លាង នឹង​ទៅ​កាន់​អគ្គនាយកដ្ឋាន​វិស្វកម្ម ហើយ​បង្កើត​នាយកដ្ឋានថ្មីចំនួន ៦ និង​ត្រូវ​ការ​ជ្រើស​បុគ្គលិក​ចំនួន ៣០០​នាក់។

ហើយ​គេ​អាចបញ្ចូលក្របខណ្ឌបាន ដោយត្រូវចំណាយប្រាក់ទៅតាមឋានន្តរសក្តិ​ក្នុង​នោះ​មាន៖

  • ថ្នាក់​វរសេនីយ៍ តម្លៃ ៥ ៥០០ ដុល្លារ ទៅ ៦ ០០០ ដុល្លារ។
  • ថ្នាក់អនុសេនីយ៍ឯក តម្លៃ ៤ ៥០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារ។
  • ថ្នាក់អនុសេនីយ៍ទោ តម្លៃ ៣,៥០០ ដុល្លារ ទៅ ៤,០០០ ដុល្លារ។
  • ថ្នាក់អនុសេនីយ៍ត្រី តម្លៃ ២,០០០ ដុល្លារ ទៅ ២,៥០០ ដុល្លារ។
  • និង ថ្នាក់ពលទាហាន តម្លៃ ៧០០$ ទៅ ១,០០០$។

ក្រោម​សកម្មភាព ឆរបោកប្រាក់ ពីជងរងគ្រោះ សរុបប្រមាណ ១០០នាក់ នេះ តែ​ពុំ​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​បានចូលក្របខណ្ឌឡើយ រហូត​មាន​ជនរងគ្រោះម្នាក់មានការសង្ស័យ ក៏​ប្តឹង​ទៅ​កង​រាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យជួយធ្វើការស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​តែម្តង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;