ឯកអគ្គរាជទូត​ជប៉ុន៖ ជប៉ុន​បន្ត​ជួយគាំទ្រ​កម្ពុជា​នៅលើ​វិថី​ប្រជាធិបតេយ្យ

  • 2019-08-15 01:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន ដែល​ត្រូវចប់​បេសកកម្ម​ការទូត​នៅកម្ពុជា បាន​បញ្ជាក់​ថា ជប៉ុន​ក៏បាន​ជួយ​បន្ត​គាំទ្រ​កម្ពុជា​នៅលើ​វិថីប្រជាធិបតេយ្យ ហើយ​ជប៉ុនតាម​រយៈ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏បាន​ប្រកាសថា​ នឹង​បន្ត​គាំទ្រ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ត​អញ្ជើញ​នយោបាយ​វ័យក្មេង​កម្ពុជា ដើម្បី​ទៅរៀនសូត្រ​នៅប្រទេស​ជប៉ុន ស្វែងយល់​លទ្ធិប្រជាធិបតេយ្យ​នៅប្រទេសជប៉ុន។

ការបញ្ជាក់​ខាងលើ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជម្រាបលា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពី​រសៀលថ្ងៃទី១៤ ខែសីហា ឆ្នា២០១៩ នៅទីស្តីការ​ក្រសួង​ការបរទេស។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កេត សោផាន់ បានថ្លែង​ប្រាប់អ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់ថា លោក​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែង​នូវការ​អបអរសាទរ​ និង​រីករាយ​នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​នូវបេសកកម្ម​ការទូត របស់​ឯក​អគ្គរាជទូត​ជប៉ុន​នៅកម្ពុជា និងបានថ្លែង​នូវការ​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ការរួម​ចំណែក​ពង្រឹង​នូវ​ទំនាក់ទំនង មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ ។ ហើយនៅ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមក​នេះ លោក ប្រាក់សុខុន និងលោក​អគ្គរាជទូត​ជប៉ុន កត់សម្គាល់​ឃើញថា​ទំនាក់ទំនង​ទ្វេភាគី នៃ​ប្រទេសទាំងពីរ​គឺនៅតែ​បន្ត​រីកចម្រើន​យ៉ាងខ្លាំង។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកនិងផ្ដល់ជំនួយ និងគាំទ្រ បងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដល់កម្ពុជា ដែលបានរួមចំណែកឱ្យកម្ពុជាមានកំណើន សេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ។

លោក ប្រាក់ សុខុន ក៏បានជម្រាបទៅលោកអគ្គរាជទូតជប៉ុនថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសម្រេចព្រះរាជហឫទ័យ នឹងយាងចូលរួមពិធីក្នុងរាជ្យរបស់អធិរាជជប៉ុន នៅក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;