ស្ថិតិ​សំខាន់ៗអ្វីខ្លះ កើតឡើង​ក្រោយ Liverpool ឈ្នះ​ពាន UEFA Super Cup យប់មិញ?

  • 2019-08-15 01:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool បានឈ្នះ​ពាន​ UEFA Super Cup ជា​លើក​ទី៤ ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន ក្រោយ​យកឈ្នះ Chelsea ដោយ​បាល់ប៉េណាល់ទី​កាត់សេចក្ដី ៥-៤។

នៅ​ក្នុង​ការប្រកួត​ ៩០នាទី​នៃ​ម៉ោង​ធម្មតា ក្រុមទាំង ២ បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១។ Chelsea ជា​អ្នក​បំប៉ោង​សំណាញ់ទីមុន ដោយ Olivier Giroud នៅ​នាទី ៣៦ មុនពេល Sadio Mane ស៊ុត​ឲ្យហង្ស​ក្រហម តាម​ស្មើ​វិញ​នៅនាទី ៤៨។ ឈាន​ចូល​ម៉ោង​បន្ថែម ១៥នាទី​ពីរដង Mane បាន​បន្ថែម​១គ្រាប់​ទៀត (នាទី ៩៥) ប៉ុន្តែ​ Jorginho បាន​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ ឲ្យ​តោខៀវ​តាមស្មើ នៅនាទី ១០១។

ឈាន​ដល់​វគ្គ​ប៉េណាល់ទីកាត់សេចក្ដី Liverpool បាន​ស៊ុតបញ្ចូលទីទាំង ៥គ្រាប់ ដោយ Roberto Firmino, Fabinho, Divock Origi, Trent Alexander-Arnold និង Mohamed Salah។ ចំណែក​ Chelsea ស៊ុត​ចូល ៤ Jorginho, Ross Barkley, Mason Mount និង Emerson។ កីឡាករ​ដែល​ទាត់​មិន​ចូល គឺ Tammy Abraham។

ស្ថិតិ​សំខាន់ៗ ដែល​កើតឡើង ក្រោយ​ការប្រកួតនេះ៖

  • មានតែ Barcelona និង AC Milan ប៉ុណ្ណោះ ដែល​ឈ្នះ​ពាន Super Cup ច្រើនជាង​ Liverpool ពោល​គឺ​ឈ្នះ ៥ដងដូចគ្នា ខណៈ Liverpool ឈ្នះ ៤ដង។

  • Chelsea បាន​លេង​​ Super Cup ៣ដង​ចុងក្រោយ ចាញ់​ទាំង ៣ដង គឺឆ្នាំ ២០១២, ២០១៣ និង ២០១៩។ មានតែ Barcelona និង Sevilla ប៉ុណ្ណោះ ដែល​បាន​ចំណាត់ថ្នាក់​លេខ២ ច្រើនជាង​ Chelsea (៤ដង)។

  • នេះ​ជា​លើក​ទី៥ ហើយ ក្នុង​ចំណោម ៧ដង​ចុងក្រោយ​នៃ Super Cup ដែល​ការ​ប្រកួត​ឈាន​ដល់​វគ្គបន្ថែម​ម៉ោង ១៥នាទី​ពីរដង ឬប៉េណាល់ទី។

  • Liverpool ក្លាយជា​ក្រុម​មកពី Premier League ទី១ ដែល​ស៊ុត​ប៉េណាល់ទី​កាត់សេចក្ដី ដល់ទៅ ២ប្រកួត ក្នុងខែ​តែមួយ គិត​ចាប់​ពីឆ្នាំ២០០៧ មក។

  • Giroud ស៊ុត​បាន ១២គ្រាប់ ក្នុង​ការបង្ហាញ​ខ្លួន ១៦ប្រកួត​នៅ​ពាន​អឺរ៉ុប សម្រាប់​ក្រុម Chelsea ប៉ុន្តែ​អាច​ស៊ុត​បាន​តែ ៧គ្រាប់​ប៉ុណ្ណោះ គ្នុង ៤៩ប្រកួត នៃ​ពាន​ក្នុង​ស្រុក។

  • Sadio Mane របស់ Liverpool បាន​ក្លាយជា​កីឡាករ​អាហ្រ្វិក​ទី១ ដែល​ស៊ុត​បញ្ចូលទី​ក្នុង​ពាន​រង្វាន់ Super Cup ចាប់​តាំងពីឆ្នាំ ២០០៦ មក៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;