ក្រសួង​រ៉ែ រកឃើញ​ថា ស្ថានីយដែល​ផ្ទុះហ្គាសនៅសៀមរាប​ ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ

  • 2019-08-15 06:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រ៉ែ និង​ថាមពល បាន​ពិនិត្យឃើញ​ថា ស្ថានីយ​បញ្ចូល​ឧស្ម័ន​ឥន្ធនៈ (LPG) នៅខេត្តសៀមរាប​ ដែលរងការ​ផ្ទុះ​កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៩ គឺ​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពីក្រសួង​ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​ ក្នុងការ​សាងសង់​និង​ធ្វើអាជីវកម្ម​បញ្ចូល​ឧស្ម័ន​នេះទេ ហើយ​បច្ចុប្បន្ន​ក្រសួង​ បាន​នឹង​កំពុង​បន្ត​នីតិ​វិធី​ស្រាវជ្រាវ​លើករណីនេះ​បន្ថែមទៀត។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​រ៉ែ និង​ថាមពល​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៩។

រូបពីកាមេរ៉ាសុវត្ថិភាពនៅមុខទីតាំងកើតហេតុ
ជាមួយគ្នា​នេះ ក្រសួង​ក៏បាន​ណែនាំដល់​សាធារណជន​ដែរថា ការប្រកប​អាជីវកម្ម​បើកដំណើរការ​ស្ថានីយ​ប្រេង ជាពិសេស​ឧស្ម័ន​ឥន្ធនៈ (LPG) ត្រូវ​តែមាន​វិជ្ជាជីវៈ បច្ចេកទេស​សុវត្ថិភាព​ឱ្យបាន​ច្បាស់លាស់​ត្រឹមត្រូវ ហើយ​តម្រូវ​ឱ្យមាន​ច្បាប់​អនុញ្ញាត​ពីក្រសួង​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ជៀសវាង​ការ​បង្ក​ឱ្យមាន​ហានិភ័យ​គ្រោះថ្នាក់​ដល់ខ្លួនឯង និង​អ្នកដទៃ​បែបនេះ។

សូម​រំលឹក​ថា ហេតុ​ការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​ផ្លូវលោកណឺយ ក្រុម​ទី១១ ភូមិបន្ទាយចាស់ សង្កាត់​ស្លក្រាម ក្រុងសៀមរាប ខេត្ត​សៀមរាប។ យោងតាមរបាយការណ៍​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាលសង្កាត់​ស្លក្រាម បង្ហាញ​ថា ជនរងគ្រោះ​ដោយ​សារ​ឆេះ​ស្ថានីយនេះ​មាន​ចំនួន ១៣នាក់ ក្នុងនោះ​បរទេស ២នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;