លោក ហ៊ុន ម៉ាណែត៖ ការថែរក្សា​សុខ​សន្តិភាព គឺ​អាស្រ័យ​លើ​កត្តា​២សំខាន់

  • 2019-08-18 03:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា ការថែរក្សា​សុខសន្តិភាព គឺអាស្រ័យ​លើកត្តា២​សំខាន់គឺ៖

ទី១. កត្តា​អ្នកដឹកនាំ​ដែលដឹកនាំ​ប្រទេស​ដោយ​គោលការណ៍​សាមគ្គី​បង្រួបបង្រួម​ជាតិ​ មិនលាបពណ៌​គ្នាឲ្យវាយគ្នា ឈ្លោះគ្នានោះ​ទេ។

ទី២. គឺកត្តា​ប្រជាពលរដ្ឋ​ដែលចូលរួម​នៅក្នុង​ការថែរក្សា​សុខ​សន្តិភាព បើប្រជាពលរដ្ឋមិន​ចូលរួម ហើយប្រជាពលរដ្ឋ​ចូលតាម​ការអូសទាញ​ទៅក្នុង​សកម្មភាព​អ្វីមួយ​ដែល​បំផ្លាញ​សុខ​សន្តិភាព នោះក៏​អាច​បាត់បង់ដែរ។

ការបញ្ជាក់​ខាងលើ​នេះ ក្នុងពិធីបញ្ចុះ​ខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តពោធិ៍រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

លោកបន្ត​ថា ការដឹកនាំ​ប្រទេស​របស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៧៩ មកជាខ្មែរ​តែមួយទោះ​បីជាមាន​ច្រើនភាគី​យ៉ាងណា​ក៏ដោយ សម្តេច ហ៊ុន សែន មិនគិតថា​បក្សណាឬបក្សណានោះទេ គឺ​រួមគ្នាកសាងប្រទេសឲ្យមាន​ការរីកចម្រើន និងមាន​សេចក្តីសុខ​ដូចសព្វថ្ងៃ​នេះ។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ទៀត​ថា សម្តេច ហ៊ុន សែន នៅតែមាន​មហិច្ឆតា​ក្នុងការធ្វើឲ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋ​កាន់តែមាន​ភាព​សម្បូរសប្បាយ និងចង់ឱ្យ​កូនចៅ​ជំនាន់​ក្រោយ កាន់តែ​សម្បូរសប្បាយ។

«អ្វីដែលជា​គោលដៅ​តទៅមុខទៀត​ គឺពង្រីក​ឱកាស​ការងារ ឱកាស​រៀនសូត្រ ឱកាស​ចិញ្ចឹមជីវភាព​ដើម្បីឲ្យកាន់តែ​ល្អប្រសើរ។ អ្វីដែល​សំខាន់​បំផុត​គឺសុខសន្តិភាព​ដែលយើង​ខិតខំ​ស្វែងរក និង​រក្សាឲ្យបាន​ទុកឲ្យកូនចៅ​ជំនាន់ក្រោយ​កុំឱ្យមាន​សង្គ្រាម​តទៀត។ យើងគ្រប់គ្នា​ក្នុងទិសដៅ​តែមួយ​គឺដើម្បី​ជួយដល់​ប្រជាពលរដ្ឋ យើងរីក​ចម្រើន​តទៅមុខ ថែរក្សា​សុខ​សន្តិភាព កសាង​សមិទ្ធផល​ឲ្យកាន់តែ​រីកចម្រើន។ ភាពសម្បូរសប្បាយ​របស់យើង​មាននៅក្នុង​សុខសន្តិភាព​នៅក្នុង​បេះដូង នៅក្នុង​អារម្មណ៍​របស់យើង ជាមូលដ្ឋាន​នៅក្នុង​ការកសាង​ប្រទេស​ឲ្យមាន​ការរីកចម្រើន ដែលជា​មូលដ្ឋាន​ដែលយើង​រាប់អាន​ស្រឡាញ់​គ្នា គោរពគ្នា​មិន​រើសអើង»។ នេះ​ជាការលើកឡើង​បន្ថែម​របស់​លោក ហ៊ុន ម៉ាណែត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;