EU នឹង​ប្រកាស​ផ្តល់ជំនួយ​ជាង​ ១០០លានដុល្លារ​ឱ្យកម្ពុជា នៅថ្ងៃពុធ​ខាងមុខនេះ

  • 2019-08-19 06:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប​ នឹង​ប្រកាស​ជួយ​ដល់​កម្ពុជា នៅថ្ងៃ​ពុធ​ខាងមុខនេះ នូវទឹក​ប្រាក់​ជាង ១០០​លានដុល្លារ សម្រាប់​វិស័យ​ជលផល។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​បាន​ចប់​អាណត្តិ ក្នុង​ជំនួប​ជាមួយ​សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៩។

ជាមួយនឹង​ការផ្តល់ជំនួយ​លើ​វិស័យនេះ សម្តេចបាន​ស្វាគមន៍ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​លុបចោល​នូវ​ឡូនេសាទ ហើយ​ឱ្យ​សហគមន៍​ប្រជាពលរដ្ឋ ដើម្បីជាផល​ប្រយោជន៍​របស់​ប្រជាជន​តែម្តង កាលពី​ឆ្នាំ​២០១២ ហើយ​ EU បាន​ជួយទៅដល់​វិស័យ​មួយនេះ ដែល​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

លើសពី​នេះទៀត លោក​ឯកអគ្គរដ្ឋទូត ក៏បាន​គូសបញ្ជាក់​អំពី​ការជួយ​ទៅដល់​វិស័យ​បម្រែ​បម្រួល​អាកាសធាតុ​ដែល​កម្ពុជា ជា​ប្រទេស​មួយ​នៅតំបន់​អាស៊ីអាគ្នេយ៍​ដែលងាយរងគ្រោះ​ដោយបម្រែបម្រួល​អាកាសធាតុ​ ដែលនេះក៏​ជាបញ្ហាពិភពលោក​ផងដែរ។ មិនតែ​ប៉ុណ្ណោះ EU នឹង​បន្តជួយ​លើ​វិស័យ​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រឆាំង​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់។ នៅក្នុង​នេះដែរ លោក​ក៏អបអរសាទរ​លើលទ្ធផល​ការងារ​ក្នុងវិស័យ​ទាំង២នេះ គឺ​វិស័យជលផល និងព្រៃឈើ​នេះ ។ មួយវិញទៀត EU ក៏បានធ្វើវិភាគទាន​ដ៏ថ្លៃថ្លាទៅ​ដល់​តុលាការ​ខ្មែរក្រហម​ដែលជា​តុលាការ​កូនកាត់ ឱ្យមាន​ភាពជោគជ័យ​កន្លងមក​ផងដែរ។

ជាការ​ឆ្លើយតប សម្ដេច​នាយករដ្ឋមន្ត្រី ក៏បានមាន​ប្រសាសន៍​មួយចំនួន​ពាក់ព័ន្ធនឹង​ដំណើរការ​របស់តុលាការ​ខ្មែរក្រហម​ដែលនឹង​មកដល់ទី​បញ្ចប់​នៅពេល​ខាងមុខ​នេះ ហើយ​សម្តេចក៏​បាន​អរគុណ​ចំពោះ EU ដែលបាន​ជួយវិភាគទាន​ក្នុងការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​មិនត្រឹមតែ​ប្រជាពលរដ្ឋ​ដែលបាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ថែមទាំងជួយ​ដល់ប្រជាពលរដ្ឋ​រងគ្រោះ​ដែលបានឆ្លង​កាត់របបប្រល័យពូជសាសន៍​នោះ​ថែមទៀតផង៕

អត្ថបទ និងរូបថត៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទថ្មី
;