កម្ពុជា-វៀតណាម នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​នៅខែ​កញ្ញា

  • 2019-08-20 01:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ង្វៀន វ៉ាន់ណេន លេខាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និងជា​ប្រធាន​ខុទ្ទការល័យ​មជ្ឈិមបក្ស​កុម្មុយនីស្តវៀតណាម​បាន​សម្តែង​នូវការ​កោតសរសើរ និងការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ចំពោះ​ការងារ​បោះបង្គោល​ព្រំដែន បង្គោល​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរ និងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃប្រទេស​ទាំងពីរ ដែលបាន​ជួយជំរុញ​ដល់ស្ថាប័ន​ពាក់ព័ន្ធ ឈានដល់​ការចុះហត្ថលេខា​លើ​ឯកសារ​ទទួលស្គាល់​ការ​បោះបង្គោលព្រំដែន និង​បង្គោល​ខណ្ឌ​សីមា ដែលនឹង​ប្រព្រឹត្ត​ទៅក្រោម អធិបតីភាព​នាយករដ្ឋមន្ត្រីនៃប្រទេស​ទាំងពីរ នាខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ ការថ្លែង​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា កាលពី​រសៀលថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩ នៅវិមាន​ព្រឹទ្ធសភា។

លោក ង្វៀន វ៉ាន់ណេន បានថ្លែង​អំណរគុណ​ចំពោះ​ប្រជាជនកម្ពុជា ដែលបាន​ជួយប្រជាជន​វៀតណាម ក្នុងពេលដែល​ប្រទេស​វៀតណាម​ជួបការ​លំបាក។ លោក​សង្ឃឹម​ជឿជាក់​ថា ក្រោមការ​ដឹកនាំរបស់ ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នឹងកាន់​តែ​រឹងមាំ​ថែមទៀត។ លោកក៏​បានសម្ដែង​នូវសេចក្តី​រីករាយ​ដោយមើលឃើញ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ប្រកបដោយ​ចីរភាព និង​ស្ថិរភាព។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន​បញ្ជាក់ថា ព្រឹទ្ធសភា​សូមគាំទ្រ​ទាំងស្រុងនូវការពិភាក្សា និងបោះបង្គោលព្រំដែន និងបង្គោលខណ្ឌសីមារវាងប្រទេសទាំងពីរ និងបន្តលើកទឹកចិត្តឱ្យ​រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់ ទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីកសាង តំបន់ព្រំដែននៃប្រទេសទាំងពីរនេះ ឱ្យក្លាយទៅជាព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីទុកជាមរតកសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;