បេក្ខជន​២រូប​ធ្លាក់​ស្វ័យ​ប្រវត្តិ ដោយ​សារ​មូលហេតុ​ពីរ​ផ្សេង​គ្នា

  • 2019-08-20 03:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេក្ខជន​ពីរ​រូប​ត្រូវ​បាន​អនុរក្ស​ចាប់​បាន​នូវ​កំហុស​ធ្ងន់ធ្ងរ​អំឡុង​ពេល​ប្រឡង​ ដូច្នេះ​បាន​សម្រេច​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ គឺ​ទី​១​កំហុស​ លាក់​សំណៅ​ឯកសារ​ក្នុង​ខ្លួន និង​ទី២ បេក្ខជន​បាន​ប្រើប្រាស់​ទូរសព្ទ។ លទ្ធផល​បឋម​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​អំឡុង​ការ​ប្រឡង​ថ្ងៃ​ទី១ ម្សិលមិញ។

រូបភាព​តំណាង (ប្រភពរូបផេកផ្លូវការក្រសួង​អប់រំ ព្រឹកថ្ងៃទី ២០ សីហា ២០១៩)
លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រាប់ Sabay នៅ​ព្រឹក​មិញ​នេះ​ថា និយាយ​ជា​រួម​ដំណើរ​ការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) ថ្ងៃ​ទី១ គឺ​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ដោយ​បេក្ខជន​ភាគច្រើន​បាន​គោរព​វិន័យ។ ប៉ុន្តែ​កំហុស​ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន​ ៤ករណី ក្នុង​នោះ​ពីរ​ករណី​ត្រូវ​បាន​សម្រេច​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ ដែល​បាន​កើត​មាន​នៅ​រាជធានី​ភ្នំពេញ ដោយ​អនុរក្ស​រក​ឃើញ​សំណៅ​ឯកសារ​ក្នុង​ខ្លួន និង​មួយ​ករណី​ទៀត បេក្ខជន​យក​ទូរសព្ទ​ចូល​ប្រឡង​ ដែល​កើត​មាន​នៅ​ក្នុង​ខេត្ត​តាកែវ។

ចំពោះ​ពីរ​ករណី​ទៀត គឺ​បេក្ខជន​ម្នាក់​ប្រឡង​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មិន​អាច​ប្រឡង​បាន និង​មួយ​ករណី​ទៀត​កើត​មាន​នៅ​ខេត្ត​សៀមរាប ដោយ​សារ​បេក្ខនារី​ម្នាក់​មក​ប្រឡង​យឺត​ម៉ោង។ ការ​ប្រឡង​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៧.៣០ ​នាទី ហើយ​បេក្ខនារី​រូប​នេះ​ បាន​មក​ដល់​មណ្ឌល​ប្រឡង​នៅ​ម៉ោង​ប្រមាណ ៨.១០ ​នាទី ក្រោយ​ការ​វាយ​ជួង​ទី​២​។ តាម​បទប្បញ្ញត្តិ​របស់​ក្រសួង​អប់រំ បើ​បេក្ខជន​ណា​មក​យឺត​ ១៥ ​នាទី បេក្ខជន​នោះ​មាន​សិទ្ធិ​បំពេញ​សំណុំ​ឯកសារ​ដើម្បី​ស្នើ​ទៅ​ដល់​ប្រធាន​មណ្ឌល និង​គណៈកម្មការ​ទូទាំង​ប្រទេស​នៅ​តាម​ខេត្ត​នីមួយៗ​ដើម្បី​ស្នើសុំ​សិទ្ធិ​ចូល​ប្រឡង​។ បើ​សិន​បេក្ខជន​នោះ​មិន​ទទួល​បាន​សិទ្ធិ​សុំ​ប្រឡង​ គឺ​បេក្ខជន​នោះ​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ​។

គួរ​បញ្ជាក់​ថា តាម​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ម្សិលមិញ​នេះ​​បេក្ខជន​ប្រឡង​សរុប​មាន​ចំនួន​​ ១១៧ ០៤៣ ​នាក់ ស្រី​ ៦០ ៤២៧ ​នាក់ និង​បេក្ខជន​អវត្តមាន​ចំនួន​ ១ ៧៤៥ ​នាក់​ (១.៤៩%)​ ស្រី​ ៦៧៨ ​នាក់​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន​ ៤៣ ​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន​បន្ទាប់ពី​ទទួល​បាន​ការសង្គ្រោះ​បឋម​។ មានតែ​បេក្ខជន ​១ ​រូប​ប៉ុណ្ណោះ​ ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន​។ មណ្ឌល​ប្រឡង​មាន​ ២០២ មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ ៧៥ ​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ ១២៧ មណ្ឌល ខណៈ​ដែល​បន្ទប់​ប្រឡង​មាន​ចំនួន ៤ ៧២៥៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី
;