អាណត្តិ ៣ឆ្នាំរបស់ទូតជប៉ុន៖ ជប៉ុន ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង ១៥០លានដុល្លារ ជាមួយកម្ពុជា
- 2019-08-21 02:09:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណត្តិ ៣ឆ្នាំរបស់ទូតជប៉ុន៖ ជប៉ុន ចុះកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង ១៥០លានដុល្លារ ជាមួយកម្ពុជា
ចន្លោះមិនឃើញ
ក្នុងអាណត្តិ ៣ឆ្នាំនៃការបំពេញបេសកកម្មការទូតនៅកម្ពុជារបស់លោក Hidehisa HORINOUCHI កម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (Japan ODA) មានទឹកប្រាក់សរុបប្រមាណជាង ៥៥០លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់ប្រមាណជិត ១៥០លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ស្តីពីជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ដែលជិតចប់អាណត្តិ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សម្រាប់ឆ្នាំ២០១៨ ទំហំនៃការវិនិយោគឯកជនពីប្រទេសជប៉ុន មានទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារ។ រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មជប៉ុន មានទឹកប្រាក់កើនឡើងប្រមាណជិត ៥០០លានដុល្លារ រីឯការនាំចេញទៅប្រទេសជប៉ុន មានទំហំទឹកប្រាក់ប្រមាណជាង ១៧០០លានដុល្លារ៕