សហរដ្ឋ​អាមេរិក​យល់​ព្រម​លក់​មីស៊ីល​ឲ្យ​ជប៉ុន​ក្នុង​តម្លៃ​ ៣,៣ ពាន់​លាន​ដុល្លារ

  • 2019-08-28 08:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុង​វ៉ាស៊ីនតោន​បាន​យល់​ព្រម​លក់​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​គ្រាប់​រ៉ុកកែត​ឲ្យ​ជប៉ុន​ក្នុង​តម្លៃ​ ៣,៣​ ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​សីហា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​គ្រាប់​រ៉ុកកែត​ជា​បន្ត​បន្ទាប់​ ដែល​អាច​វាយ​ប្រហារ​ជប៉ុន​បាន​។

SM-3 Block IIA បាញ់​ចេញ​ពីនាវា​ចម្បាំ​អាមេរិក​ USS Lake Erie
បើ​តាម​ប្រភព​មន្ទីរ​បញ្ចកោណ​ ជប៉ុន​នឹង​ទិញ​មីស៊ីល​ SM-3 Block IIA ផលិត​ដោយ​ក្រុមហ៊ុន​ Raytheon ចំនួន​ ៧៤​គ្រាប់​។​ មីស៊ីល​នេះ​ គឺ​គេ​រចនា​ដើម្បី​បាញ់​ចេញពី​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ Aegis បំពាក់លើ​នាវា​ចម្បាំង​។​

ការ​លក់​នេះ​មក​ចំ​ពេល​កូរ៉េ​ខាង​ជើង​កំពុង​ខំ​ប្រឹង​ពង្រីក​សមត្ថភាព​វាយ​លុក​របស់​ខ្លួន ដោយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ​ពួក​គេ​អាច​បាញ់​មីស៊ីល​ដែល​បាន​រយៈ​ចម្ងាយ​មធ្យម​ និង​រយៈ​ចម្ងាយ​ឆ្ងាយ​ ដែល​អាច​ផ្ទុក​គ្រាប់​នុយក្លេអ៊ែរ​បាន​។ ក្នុង​ខែ​សីហា​នេះ​ក្រុង​ព្យុងយ៉ាង​បាន​សាក​ល្បង​មីស៊ីល​ប្រភេទ​ថ្មី​ ចំនួន​៧​ដង ដែល​ក្នុង​នោះ​មាន​មួយ​ហោះ​បាន​ជិត​ដល់​ជប៉ុន។

SM-3 Block IIA នៅ​រោង​ចក្រ Raytheon

ក្រៅ​ពី​ជប៉ុន​ អាមេរិក​ក៏​បាន​យល់​ព្រម​លក់​អាវុធ​ឲ្យ​ ប្រទេស ហុងគ្រី​ កូរ៉េ​ខាង​ត្បូង លីទុយអានី​ និង​ដាណឺម៉ាក​ ដែល​មាន​តម្លៃ​សរុប ៩៤៣ លាន​ដុល្លារ។ ក្នុង​នោះ ហុងគ្រី​នឹង​ទិញ​មីស៊ីល​ AIM-120C-7 បាញ់​យន្តហោះ​ចម្បាំង​ សម្រាប់​បាញ់​ទម្លាក់​យន្តហោះ​ ចំនួន​ ១៨០ គ្រាប់។​ រីឯ​កូរ៉េ​ខាង​ត្បូង​ ទិញ​យក​គ្រាប់​បែក​ពន្លិច​នាវា​ MK-54 ចំនួន​ ៣១​ គ្រាប់​ ហើយ​ លីទុយអានី​វិញ​ទិញ​រថយន្ត​ដឹក​ទាហាន Joint Light Tacticle Vehicle ចំនួន ៥០០ គ្រឿង​។​ ដាណឺម៉ាក​ ទិញ​ប្រព័ន្ធសូណា​ប្រេកង់​ទាប​ ផលិត​ដោយ​ក្រុមហ៊ុន​ Lockheed Martin សម្រាប់​ស្ដាប់​រក​នាវា​មុជទឹក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;