កាន់​តែ​ឡើង​កម្ដៅ ករណី​ទំនាស់​ផ្ដើម​ពី​ឧប្បត្តិហេតុ​ រវាង​តារា​សម្ដែង អ៊ឹង និមល និង​អ្នក​សារព័ត៌មាន

  • 2019-08-29 04:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំនាស់​ពាក្យ​សំដី​រវាង​តារា​សម្ដែង និង​ម៉ូដែល អ៊ឹង និមល និង​អ្នក​សារព័ត៌មាន​លោក ម៉ៃ ទិត្យថារ៉ា និពន្ធ​នាយក​ខ្មែរ​ថាមស៍ កាន់​តែ​ឡើង​កម្ដៅ ក្រោយ​ពី​ភាគី​ទាំង​ពីរ​ប្រកាន់​លើ​ការ​អធិប្បាយ​របស់​គូ​ទំនាស់​រៀង​ខ្លួន។

នៅ​វេលា​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី ២៨ សីហា មាន​ករណី​គ្រោះ​ថ្នាក់​ចៃដន្យ​មួយ​បង្ក​ដោយ​តារា​ស្រី អ៊ឹង និមល ដែល​ជា​តារា​ម៉ូដែល និង​សម្ដែង។ តារា​ស្រី​បាន​បើក​រថយន្ត​ម៉ាក Highlander របស់​ខ្លួន​ពាក់​ស្លាក​លេខ 2AM.8395 ទៅ​បុក​រថយន្ត​របស់​អ្នក​ជិត​ខាង​មួយ​គ្រឿង​ម៉ាក Pruise ពណ៌​ទឹក​ប្រាក់ បណ្ដាល​ឲ្យ​ខូច​ខាត​កង់​ខាង​ក្រោយ​ផ្នែក​ខាង​តៃកុង(ឆ្វេង)។ កម្លាំង​នៃ​ការ​ប៉ះ​ទង្គិច ក៏​បាន​បណ្ដាល​ឲ្យ​ខូច​ខាត​ដល់​របង​ផ្ទះ​លោក ម៉ៃ ទិត្យថារ៉ា ដែល​នៅ​ផ្ទះ​ជាប់​គ្នា​នឹង​ផ្ទះ​របស់​តារា​ស្រី ហើយ​រថយន្ត​បង្ក​បាន​ផ្ទុះ​ពោង ទៅ​មុខ​លែង​រួច។

ក្រោយ​ហេតុការណ៍ ដោយ​ផ្អែក​តាម​ការ Live របស់ អ៊ឹង និមល គឺ​ហេតុការណ៍​កើត​ឡើង​ដោយសារ​តែ​នាង ងោក​មួយ​ភាំង ហើយ​ថា បន្ទាប់​កើត​រឿង​នាង​បាន​ទទួល​ស្គាល់​កំហុស និង​បាន​ធ្វើ​ការ​សុំទោស​ទៅ​ដល់​ម្ចាស់​ទ្រព្យ​ដែល​រង​ការ​ប៉ះ​ទង្គិច​ផង។ ជាមួយ​គ្នា នាង​ក៏​ធានា​ចេញ​សំណង​ទៅ​លើ​ការ​ខូច​ខាត​ផង​ដែរ នៅ​ក្នុង​ការ​ជួប​សម្រុះ​សម្រួល​គ្នា​ភ្លាម​ៗ​បន្ទាប់​ពី​កើត​ហេតុ។ ទាំង​រថយន្ត​បង្ក និង​រថយន្ត​រង​ការ​ប៉ះ​ទង្គិច ត្រូវ​បាន​រក្សា​ទុក​នៅ​ទី​តាំង​កើត​ហេតុ​ដដែល ដោយ​សារ​ម៉ោង​រំលង​អធ្រាត្រ​ទៅ​ហើយ។

លុះ​ស្អែក​ឡើង ទំនាស់​ក៏​បាន​កើត​ឡើង​សារ​ជា​ថ្មី ដោយ​សារ​តែ​តារា​ស្រី បាន​ប្រកាន់​ទៅ​នឹង​ភាគី​លោក ម៉ៃ ទិត្យ​ថារ៉ា ម្ចាស់​ផ្ទះ​ដែល​ទ្វារ​របង​បាន​ខូចខាត​ដោយ​សារ​កម្លាំង​បុក​ទង្គិច ដោយ​សារ​តែ​នាង​យល់​ថា លោក ថារ៉ា បាន​យក​លេខ​ផ្ទះ​របស់​នាង​នៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ជា​សាធារណៈ ដែល​នាង​យល់​ថា​មិន​សម​គួរ។ និយាយ​ជាមួយ​នឹង​កំហឹង​ក្នុង​ខ្លួន​ផង និមល បញ្ជាក់​ថា នាង​សម្រេច​ថា មិន​សង​លើ​ការ​ខូច​ខាត​របង​ផ្ទះ​របស់​អ្នក​សារព័ត៌មាន​ឡើយ ជា​ថ្នូរ​នឹង​អ្វី​ដែល​លោក​បាន​យក​លេខ​ផ្ទះ​របស់​នាង​ទៅ​បង្ហោះ​ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​នាង។

ជុំវិញ​បញ្ហា​នេះ លោក ម៉ៃ ទិត្យ​ថារ៉ា ដែល​ជា​និពន្ធ​នាយក​អង្គភាព​ព័ត៌មាន "ខ្មែរ​ថាមស៍" និង​ជា​ម្ចាស់​ពាន់​រង្វាន់​ផ្នែក​ស៊ើប​អង្កេត​ដែល​ទទួល​បាន​ពាន​រង្វាន់​ជាង​២០​នោះ ប្រាប់​ថា លោក​បង្ហោះ​ព័ត៌មាន​ពី​ហេតុការណ៍​ពី​យប់ ដោយ​សារ​តែ​លោក​មិន​ទទួល​បាន​ការ​ឈឺ​ឆ្អាល​ជា​ថ្មី​ពី​ភាគី​បង្ក​នា​ព្រឹក​បន្ទាប់ ព្រោះ​រហូត​ដល់​ម៉ោង ១១ថ្ងៃ​ត្រង់​ក្នុង​ថ្ងៃ​ម្សិលមិញ​ទៅ​ហើយ លោក​មិន​អាច​ចេញ​ពី​ផ្ទះ​ទៅ​ប្រកប​កិច្ចការ​បាន។

ជុំវិញ​លើ​ការ​បញ្ជាក់​ពី អ៊ឹង និមល ថា​នឹង​មិន​សង​លើ​ការ​ខូច​ខាត​ទ្វារ​ផ្ទះ​របស់​លោក លោក ថារ៉ា បញ្ជាក់​ថា ច្បាប់​មាន។ ដូច្នេះ​លោក​ចង់​ឲ្យ​ច្បាប់​ធ្វើ​ការ​លើ​រឿង​នេះ។ បន្ថែម​ពី​លើ​នេះ លោក ក៏​បាន​លើក​ឡើង​ថា​ដែរ​ថា និមល បាន​និយាយ​ប៉ះពាល់​ទៅ​ដល់​លោក ដល់​អ្នក​មាន​គុណ​របស់​លោក នៅ​ក្នុង​វីដេអូ Live របស់​នាង ដោយ​មាន​ប្រើ​ទៅ​ដល់​ពាក្យ "អា" ថែម​ទៀត។ ដូច្នេះ​ហើយ លោក​ស្នើ​ឲ្យ​ភាគី​តារា​ស្រី ធ្វើ​វីដេអូ​សុំ​ទោស ហើយ​លោក​ក៏​នឹង​រង់ចាំ​មើល​ទៀត ប្រសិន​បើ​មាន​ការ​ចេញ​មក​អធិប្បាយ​ណាមួយ​ដែល​ធ្វើ​ប៉ះពាល់​ដល់​លោក​ថែម​ទៀត លោក​នឹង​ធ្វើ​ទៅ​តាម​ច្បាប់។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​ភាគី​លោក ម៉ៃ ទិត្យ​ថារ៉ា កញ្ញា អ៊ឹង និមល នៅ​ព្រឹក​នេះ បញ្ជាក់​ថា នាង​មិន​ខ្លាច​នឹង​ធ្វើ​ការ​សុំ​ទោស​ទៅ​តាម​ការ​ចង់​បាន​របស់​ភាគី​ម្ខាង​ទៀត​ឡើយ។ ប៉ុន្តែ​លោក ថារ៉ា ត្រូវ​ធ្វើ​ការ​សុំ​ទោស​នាង​ជា​មុន ដោយ​សារ​តែ​នាង​យល់​ថា លោក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នាង​មុន និង​ចង់​សួរ​បន្ថែម​ថា ហេតុអ្វី​ត្រូវ​យក​លេខ​ផ្ទះ​របស់​នាង​ទៅ​បង្ហោះ?

រថយន្ត​រង​ការ​ប៉ះ​ទង្គិចដោយ​សារ រថយន្ត​របស់​តារា​ស្រី
រថយន្ត​របស់​ អ៊ឹង និមល

មក​ទល់​នឹង​ពេល​នេះ គិត​ត្រឹម​ម៉ោង ១០ និង​១៥នាទី​ព្រឹក​នេះ ភាគី​ទាំង​ពីរ​រវាង​តារា​ស្រី និង​លោក ម៉ៃ ទិត្យថារ៉ា មិន​បាន​ជួប​ជជែក​គ្នា​លើ​ដំណោះស្រាយ​នានា​នៅ​ឡើយ។ ប៉ុន្តែ​រវាង​ភាគី​តារា​ស្រី និង​ម្ចាស់​រថយន្ត Pruise ភាគី​ទាំង​ពីរ​រក្សា​ជំហរ​ទទួល​យក​ការ​ដោះ​ស្រាយ​ជាមួយ​គ្នា​ហើយ។ នេះ​បើ​តាម​ភាគី​តារា​ស្រី អ៊ឹង និមល៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;