លោក ហ៊ុន ម៉ាណែត ចូលរួម​លំហាត់​រួមគ្នា​រវាង​កង​កម្លាំង​កម្ពុជា-វៀតណាម បង្រ្កាប​បទល្មើស​តាម​ព្រំដែន

  • 2019-08-30 03:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លំហាត់​រួមគ្នា​រវាង​កង​កម្លាំង​ការពារ​ព្រំដែន​កម្ពុជា និង​វៀតណាម​ក្នុង​ការល្បាត និង​បង្រ្កាប​បទល្មើស​តាម​បណ្តា​ព្រំដែន​នៃប្រទេសទាំងពីរ​ក្នុងខេត្ត​តាកែវ និងខេត្ត​អានយ៉ាង ប្រទេស​វៀតណាម នៅច្រកអន្តរជាតិ​ភ្នំឌិន-ទិញបៀន កាលពីថ្ងៃទី​២៧-២៨ ខែ​សីហា ឆ្នាំ​២០១៩។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​ធ្វើលំហាត់​សមយុទ្ធ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដ៏ធំមួយ​នៅតាម​បណ្ដោយ​ព្រំដែន​ខេត្ត​តាកែវ និងខេត្តអាន​យ៉ាង ប្រទេស​វៀតណាម។

ភាគី​វៀតណាម​ដឹកនាំ​ដោយ​លោក ង្វៀង ជីវិញ អនុរដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម និងជា​មេបញ្ជាការ​ការពារ​ព្រំដែន​វៀតណាម។

លំហាត់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺក្នុងគោល​បំណង​សំដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើការ​បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន​ឲ្យកាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត ជាពិសេស​រាល់ការ​ចរាចរ​គ្រឿងញៀន​នៅតាម​បណ្តោយព្រំដែន​រវាង​កម្ពុជា និង​វៀតណាម។

បន្ទាប់ពី​ធ្វើសមយុទ្ធ​ដោយប្រើកម្លាំង​យោធា និងកម្លាំង​នគរបាល​នៃប្រទេស​ទាំងពីរ ក៏បាន​ដើរល្បាត​នៅតាម​បណ្ដោយ​ព្រំដែន​រួមគ្នា​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ។

ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​នៃប្រទេសទាំងពីរ​បាន​សន្យា​ថា និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅតាម​បណ្ដោយ​ព្រំដែន​ឲ្យកាន់តែ​ល្អប្រសើរ​ថែមទៀត ក្រៅពី​បង្កើន​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​គ្រឿងញៀន​ឲ្យកាន់តែ​ខ្លាំងក្លា ប្រទេស​កម្ពុជា និង​វៀតណាម ធ្វើការ​ទប់ស្កាត់​រាល់​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ ជាពិសេស​ធ្វើយ៉ាងណា​ខិតខំ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃប្រទេស​ទាំងពីរ​ឲ្យទៅជា​ព្រំដែន​សន្តិភាព៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;