នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​វ័យ​ចំណាស់​បំផុត​ក្នុងលោក បាន​មកដល់​កម្ពុជា ដើម្បី​ធ្វើទស្សនកិច្ចផ្លូវការ

  • 2019-09-02 04:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​វ័យ៩៤ឆ្នាំ លោក​បណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) និង​ភរិយា បានអញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ ដើម្បី​បំពេញ​ទស្សនកិច្ចផ្លូវការ​ចាប់​ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៩ តបតាម​ការអញ្ជើញរបស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
នៅក្នុង​ពេលបំពេញ​ទស្សនកិច្ចនៅ​កម្ពុជា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹង​អញ្ជើញ​ជួបសម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

លោកបណ្ឌិត មហាធា មហាម៉ាត់ នឹងអញ្ជើញជួប​ប្រជុំទ្វេភាគី​ជាមួយ​សម្តេច ហ៊ុន សែន ដែលនឹង​ពិភាក្សា​លើទិដ្ឋភាព​ផ្សេងៗ​នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តី​ទាំង២ ក៏នឹង​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈគ្នា​លើ​បញ្ហាតំបន់ និងអន្តរជាតិ​ដែលមានផល​ប្រយោជន៍រួម​ផងដែរ ហើយ​បន្ទាប់មក​នឹងអញ្ជើញ​ជាអធិបតីក្នុងពិធីចុះហត្ថលេខា​លើឯកសារមួយ​ចំនួន និងធ្វើការ​ប្រកាសព័ត៌មាន​រួមគ្នា។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត មហាធា មហាម៉ាត់ នៅកម្ពុជា នឹងរួមចំណែកកាន់​តែប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើឲ្យកាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាង​កម្ពុជា និង​ម៉ាឡេស៊ី​ទាំងនៅក្នុង​ក្របខណ្ឌទ្វេភាគី ក្នុងកម្រិត​តំបន់ និង​អន្តរជាតិ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;