សម្តេច ទៀ បាញ់៖ បើ​ទទួល​យកងារ «ឧកញ៉ា» ត្រូវលះបង់​មុខ​តំណែង​ក្នុងកងទ័ព

  • 2019-09-04 01:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បានថ្លែងថា ការកែទម្រង់​ដ៏ធំមួយ​ពាក់ព័ន្ធនឹង​កម្លាំង​ប្រដាប់​អាវុធ ទាំងកង​យោធពលខេមរភូមិន្ទ ក៏ដូចជា​ខាងនគរបាលជាតិ​ផងដែរ គឺ​គោរម្យងារ​ជាឧកញ៉ា និងមុខ​តំណែង គ្រប់​បណ្តាអង្គភាពទាំងអស់​ត្រូវរៀបចំឲ្យបាន​ឆាប់រហ័ស និងប្រុងប្រយ័ត្ន ដើម្បីឲ្យ​គេសម្រេចចិត្តជ្រើសរើស​យកមួយណា។ តាម​តម្រូវការ គឺឲ្យទុកតែ​មួយប៉ុណ្ណោះ។ ការថ្លែង​នេះ បានធ្វើឡើង​នៅក្នុង​ពិធីសម្ពោធ​បន្ទាយ និងអគារ​ស្នាក់នៅ​របស់​កងឯកភាពកងកិត្តិយស​ត្រែទ័ព នៅសង្កាត់ឈ្មួញ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ កាលពីព្រឹក​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

សម្តេច ទៀ បាញ់ ថ្លែងនាពេលកន្លងមក
សម្តេច ទៀ បាញ់ បានបញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «**យើងនិយាយគ្នាឲ្យច្បាស់តាម​តម្រូវការ គឺឲ្យទុកតែ​មួយទេ។ ងារជា​ឧកញ៉ា​យើងនេះ ឃើញថា វាក៏កិត្តិយសខ្ពង់ខ្ពស់​ដែរ គឺបើយើង​ទុកទទួល​យកងារ​ឧកញ៉ា គឺត្រូវតែ​លះបង់មុខ​តំណែង​នៅក្នុង​កងទ័ព ឬឋានន្តរស័ក្តិ​នៅក្នុង​កងទ័ព តាមខ្ញុំដឹង គឺទុកតែ​មួយទេ ត្រូវគិតគូរ​យក​មែនទែន រហូតដល់​សម្តេចនាយករដ្ឋមន្ត្រី​បានណែនាំឲ្យ​រៀបចំ​បែបបទ​បញ្ឈប់​នូវមុខ​តំណែងនោះ រួចជាស្រេច​ទៅហើយ។ ខ្ញុំបាន​ប្រាប់ទៅ​ខាងបុគ្គិលហើយ ឲ្យទាក់ទងគ្នា​ទាំងអស់ ធ្វើទិន្នន័យឲ្យ​ច្បាស់លាស់ពី​បណ្តា​បុគ្គលិក​ទាំងអស់។ ឥឡូវគឺ​ធំជាងគេ នៅក្រសួង នៅ​អគ្គបញ្ជាការ នៅបញ្ជាការដ្ឋានអង្គរក្ស និងប៉េអឹមខ្លះដែរ ហើយអង្គភាពតូចៗ បើមាន​ក៏មាន​តិចដែរ។ ពីមុន​ធ្លាប់មានតែ​មួយទេ គឺងារ​ឧកញ៉ាផង ងារជា​ទីប្រឹក្សាផង ចុះទៅ​រាតត្បាត​នៅភូមិភាគ៥ ដូចជាសារ៉េ​អស់ហើយ។ តាមនៅធំៗ​ដែរ នៅគ្រាក់ៗ​ដែរហ្នឹង មិនធម្មតាទេ**»។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា​បានស្នើឲ្យគ្រប់បញ្ជាការ​ទាំងអស់ ត្រូវធ្វើស្ថិតិ​ចំនួនអ្នកដែល​មានងារជាឧកញ៉ា​ឡើងវិញ​ ឲ្យបាន​ច្បាសលាស់ និងជួប​ជាមួយអ្នក​ដែលមាន​ងារពីរ គឺឲ្យ​សម្រេចចិត្តជ្រើសរើស​យកតែមួយ ដើម្បីក្រសួង​ការពារជាតិ ធ្វើបែបបទ​ទៅប្រមុខ​រដ្ឋាភិបាល។

«ខ្ញុំមានអារម្មណ៍ថា ច្បាស់ណាស់​មិនអាចជៀសផុត​ពីការប៉ះពារខ្លះហើយ ខ្ញុំនិយាយនេះ គឺចង់​និយាយអ្នក​ដែលគេសុខចិត្ត។ ហើយត្រូវតែ​ជួបផ្ទាល់​ជាមួយអ្នក​ទាំងនោះ (អ្នកមានងារឧកញ៉ា) ឲ្យគេសម្រេច​ចិត្តជ្រើសរើសថា តើយកមួយណា ទុកមួយណា? ព្រោះអ្នកខ្លះ​មានតំណែងគួរសមដែរ ដូច្នេះបើទៅយក​ឧកញ៉ា គឺមុខតំណែង​ឋានន្តរស័ក្តិ ត្រូវតែ​លាដែរ»។ នេះជាការ​លើកឡើង​បន្ថែម​របស់​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;